(បន្ទាយមានជ័យ)៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ង៉ូវ ប៊ុនរិទ្ធ ទីប្រឹក្សាលោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព៏ត៌មាន រួមដំណើរដោយលោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណាយរបស់លោករដ្ឋមន្ត្រី និងលោកស្រី ផ្តល់ជូនដល់លោក ចក់ កុសល អតីតអនុប្រធានមន្ទីព័ត៌មាន ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះ លោក សេក សុខុម បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្រ្តី និងលោកស្រី និងសូមឲ្យថែរក្សាសុខភាព និងឆាប់បានជាពីជំងឺ ដើម្បីជាម្លប់ដល់កូនចៅ និងជាមេគ្រួសារដ៏រឹងមាំ។
គួររំលឹកផងដែរថា បន្ទាប់ពីចូលនិវត្តន៍លោក ចក់ កុសល បានមករស់នៅជាមួយគ្រួសារនៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទាំងខ្លួនមានជំងឺប្រចាំកាយ។
លោកគឺជាមន្រ្តីដែលពោរពេញដោយសមត្ថភាព និងមានវិជ្ជាជីវ:ច្បាស់លាស់ ហើយក៏ជាសាស្រ្តាចារ្យមួយរូបនៅក្នុងអង្គភាព ដែលមន្រ្តីជំនាន់ក្រោយសុទ្ធសឹងតែទទួលការបណ្តុះបណ្តាលពីលោក ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានសាងនូវស្នាដៃ និងសមិទ្ធិផលជាច្រើននៅក្នុងអង្គភាព និងសង្គម។
ដោយសារតែមានជំងឺប្រចាំកាយជាង១០ឆ្នាំមកហើយនោះ ពីមួយថ្ងៃទៅមួយថ្ងៃ ជំងឺរបស់លោកមិនមានការធូស្បើយ ផ្ទុយទៅវិញគឺកាន់តែធ្ងន់ទៅៗ ដោយបច្ចុប្បន្នលោកមិនអាចនិយាយបាន និងមិនអាចដើរបានថែមទៀត ដែលធ្វើឲ្យលោកបាត់បង់សមត្ថភាព ក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ថែមទាំងត្រូវចំណាយថវិកាច្រើនសម្រាប់ធ្វើការព្យាបាលជំងឺរបស់ខ្លួន។
គួរបញ្ចាក់ផងដែរថា នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់ រដ្ឋមន្រ្តីក្រសួងព័ត៌ដល់អតីតមន្រ្តីក្រោមឱវាទ ដោយនៅក្នុងនោះ អំណោយរួមមាន៖ គ្រឿងឧបភោគ បរិភោគមួយចំនួនធំ និងថវិកា ៤លានរៀលផងដែរ៕