(ភ្នំពេញ)៖ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ក្នុងជំនួបសម្តែងការគួរចំពោះលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានវាយតម្លៃខ្ពស់ចំពោះសន្ទុះ នៃការរីកចំរើនរបស់ប្រទេស កម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច ស្របពេលដែលកម្ពុជា និងវៀតណាមកំពុងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានកំណើនប្រមាណ ៣០% កាលពីឆ្នាំ២០១៧កន្លងទៅ។
ឯកអគ្គរដ្ឋទូតវៀតណាម បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសមានសន្ទុះ នៃការអភិវឌ្ឍខ្លាំង និងឆាប់រហ័ស ហើយបើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ឃើញថា កម្ពុជាមាន កំណើនសេដ្ឋកិច្ចល្អប្រសើរជាងគេ ដែលអាចរក្សាបាននូវកំណើនប្រចាំឆ្នាំ៧% ដែលនេះជា ការរក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់
អាស៊ាន។
លោក វូ ក្វាងមិញ បានចាត់ទុកទំនាក់ទំនងរវាង កម្ពុជា-វៀតណាម ថា ជាទំនាក់ទំនងមួយដ៏ជិតស្និទ្ធ ព្រោះថា ប្រទេសទាំងពីរមានព្រំសីមាជាប់គ្នា និងធ្លាប់ជួយគ្នាទៅវិញ ទៅមកក្នុងគ្រាលំបាក។
លោកថា សម្រាប់បេសកកម្មការទូត ប្រចាំនៅកម្ពុជានាពេលនេះ លោកនឹងខិតខំប្រឹងប្រែងបំពេញការងារឲ្យទទួលបានជោគជ័យ ដើម្បីប្តូរយកមកវិញ នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ប្រទេសយើងទាំងពីរ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងថា កម្ពុជា-វៀតណាម ពិតជាមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅលើគ្រប់ផ្នែក គ្រប់វិស័យ ដែលប្រទេសទាំងពីរ ត្រូវបន្តធ្វើកិច្ចការនេះជាបន្តទៀត ដើម្បីជាការនាំមកនូវប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកស្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ ក្តៅបំផុតចំពោះលោក វូ ក្វាងមិញ ដែលត្រូវបានរដ្ឋាភិបាលវៀតណាម តែងតាំងជាឯកអគ្គ រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជា ហើយថា គ្រប់ស្ថាប័នទាំងអស់របស់ កម្ពុជានឹងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយលោក ដើម្បីធ្វើយ៉ាងណាឲ្យការបំពេញ បេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានជម្រាបជូនឯកអគ្គរដ្ឋទូតវៀតណាមថា កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរជាង ៧% ក្នុង១ឆ្នាំ នារយៈពេលជាង២០ឆ្នាំចុងក្រោយនេះ និងបានប្រែក្លាយខ្លួនពីសមរភូមិទៅជាទីផ្សារដ៏ទាក់ទាញ ពីប្រទេសដែលខ្ទេចខ្ទាំ ដោយសារសង្គ្រាម ទៅជាប្រទេសមានការរីកចំរើនលើគ្រប់វិស័យ និងអាចទាក់ទាញអ្នកវិនិ យោគពីក្រៅប្រទេសឲ្យមកបណ្តាក់ទុននៅកម្ពុជាបានយ៉ាងច្រើន ក្នុងនោះក៏មានអ្នកវិនិយោគមកពីប្រទេសវៀតណាមផងដែរ បានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បានយ៉ាងឆាប់រហ័ស៕