(ភ្នំពេញ)៖ ក្រសួងបិរស្ថានមានកិត្តិយសសូម ជជម្រាបជូនសារធារណជន និងមិត្តសាព័ត៌មានទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ ក្រសួងនឹងរៀបចំពិធីរំលឹកគុណដល់មន្ត្រីក្រសួងបរិស្ថាន បានចូលបម្រើការងារនៅអាណត្តិទី១ ពោលគឺតាំងពីបង្កើតក្រសួងបរិស្ថានដំបូងនៅឆ្នាំ១៩៩៣។
កម្មវិធីនេះមានការចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ម៉ុក ម៉ារ៉េត សមាជិកសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន បានឲ្យដឹងថា ពិធីនេះគឺដើម្បីរំលឹកពីកិច្ចខិតខំប្រឹងប្រែង ការលះបង់ក្នុងការកសាងក្រសួងបរិស្ថានតាំងពីអាណត្តិទី១មក ដែលកាលណោះ ជាពេលវេលាចាប់ផ្តើម ហើយជួបប្រទះនឹងការលំបាក ជាច្រើនទម្រាំកសាងស្ថាប័នមួយពេញលេញដូចសព្វថ្ងៃ។
សូមបញ្ជាក់ថា មុនមានក្រសួងបរិស្ថានថ្មី ពណ៌ស សង់ឡើងក្នុងរចនាបទសហសម័យកំពូល៥ នៅតាមបណ្តោយមាត់ទន្លេយ៉ាងដូចនេះ ក្រសួងបរិស្ថានពីមុនមានទីតាំង នៅខាងត្បូងសួនច្បារវិមាន ឯករាជ្យដែល កាលណោះ មានឈ្មោះថា រដ្ឋលេខាធិការដ្ឋានគ្រប់គ្រងបរិស្ថាន។
កាលណោះ ជាក្រសួងដែលធ្វើការងារលើបរិស្ថាននេះ មាននាយកដ្ឋានចំនួន៣ប៉ុណ្ណោះ ហើយមានមន្ត្រីដំបូងចូលបម្រើការងារតែ១០៩នាក់ ប៉ុន្តែពេលនេះ ក្រសួងបរិស្ថានបច្ចុប្បន្ន គឺជាស្ថាប័នពេញលេញមួយមាន៥អគ្គនាយកដ្ឋាន និងនាយកដ្ឋានចំនួន៣៥ ដែលសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកិច្ចគាំពារបរិស្ថាន យ៉ាងមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាពយ៉ាង មានប្រសិទ្ធផល៕