(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក ហោ លី ណា ជាតំណាងអយ្យការ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ ២ឆ្នាំ ពីបទផលិត ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន។
ជនជាប់ចោទទាំង៣នាក់នេះ ទី១៖ ឈ្មោះ ផល គីមហុង អាយុ២២ឆ្នាំ, ទី២៖ ឈ្មោះ ចាន់ ដារ៉ាវីស្ដា អាយុ៣៧ឆ្នាំ និងទី៣៖ ឈ្មោះ ឌឹម វល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំ ប្រព្រឹត្តអំឡុងខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលម្ដុំផ្សារដីហុយ ភូមិដីថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានលួចបង្ហើបថា សំណុំរឿងនេះមានមន្ត្រីថ្នាក់ឧត្តមសេនីយ៍ម្នាក់បានជួយអន្តរាគមន៍ ឲ្យលើកលែងបទចោទ ប្រកាន់លើជនជាប់ចោទ និងឲ្យតុលាការដោះលែងជនជាប់ចោទថែមទៀតផង ប៉ុន្តែទោះជាយ៉ាងណា តុលាការមិនព្រមតាមការអន្តរាគមន៍នោះទេ និងបានសម្រេចផ្តន្ទាទោស តែនៅត្រឹមកម្រិតទាប។
នៅក្នុងសវនាការ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទទាំង៣នាក់ខាងលើ បានឆ្លើយថា ពួកគេមិនបានប្រព្រឹត្ត ដូចជាការចោទប្រកាន់របស់តុលាការនោះទេ ក្នុងន័យដោះបន្ទុក និងមានឱកាសបានស្ថានសម្រាលទោស ឬការលើកលែងទោសដល់ពួកគេ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ បានចុះបង្ក្រាបមុខសញ្ញាផលិត និងជួញដូរគ្រឿងញៀនទាំង៣នាក់ខាងលើ នៅចំណុចម្ដុំផ្ទះជួល ជិតផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួនជនជាប់ចោទទាំង ៣នាក់ខាងលើ និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមព័ណ៌ សថ្លា ជាប្រភេទគ្រឿងញៀន មេតំហ្វេមីន ចំនួន២កញ្ចប់ មានទម្ងន់សរុបចំនួន៨០,៨២ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់ ២ប្រភេទ មានទម្ងន់សរុប៨៣,០៥ក្រាម, គ្រឿងញៀនប្រភេទ ម្ស៉ៅក្រាម ទម្ងន់សរុបចំនួន៤៤៥,១៥ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០១, ឆ្នាំជក់ស៊ីហ្សា ចំនួន០៣, ទូរស័ព្ទដៃ ចំនួន០២គ្រឿង, ម៉ូតូ១គ្រឿង និងសម្ភារប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ៕