(ភ្នំពេញ)៖ លោកគង់ វុទ្ឋី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបន្តដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យ និងស្វែងរកសារធាតុគីមី ហាមឃាត់ ក្នុងចំណីអាហារ គ្រឿងឧបភោគ-បរិភោគនៅផ្សារដើមគ និងត្រួតពិនិត្យទំនិញក្នុងហាងវិចខ្ចប់វត្ថុអនុស្សាវរីយ៍ ក្បែរស្តុបពេទ្យចិន ខណះឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាមខិតជិតចូលមកដល់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក គង់ វុទ្ធី បានថ្លែងថា លោកតែងតែបានដឹកនាំមន្រ្តីជំនាញចុះធ្វើការត្រួតពិនិត្យយ៉ាងដូច្នេះជាប្រចាំ ដើម្បីធ្វើការណែនាំដល់អាជីវករនៅតាមផ្សារ ឲ្យបានដឹង ពីការប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់អ្នកចែកចាយពីការប្រើប្រាស់សារធាតុគីមី ដែលទាំងនេះ គឺដោយមានការណែនាំពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ រួមទាំងមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋផងដែរ។
លោក គង់ វុទ្ឋី បានធ្វើការណែនាំយ៉ាងទទូចដល់បងប្អូនអាជីវករដែលលក់បន្លែ ចំណីអាហារ និងគ្រឿងឧបភោគបរិភោពនៅក្នុងផ្សារដើមគ នៅពេលដែលទទួលយកមកលក់បន្តត្រូវណែនាំដល់ម្ចាស់ដើមកុំឲ្យដាក់នូវសារធាតុគីមីផ្សេងៗ ហើយនៅពេលដែលយកមកលក់ហើយនោះ កុំបន្ថែមនូវសារធាតុគីមីហាមឃាត់ ដែលបង្កហានិភ័យ និងផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងអ្នកប្រើប្រាស់មិនតែប៉ុណ្ណោះយើងជាអ្នកលក់ អាចប្រឈមនៅចំពោះមុខច្បាប់ថែមទៀតផង។
ជាមួយគ្នានោះលោកក៏បានដឹកនាំកម្លាំងបន្តចុះទៅកន្លែងវិចខ្ចប់វត្ថុអនុស្សាវរីយ៍ នៅម្តុំពេទ្យចិន តាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ដើម្បីរកមើលមុខទំនិញដែលខូចគុណភាពហួសកាលបរិច្ឆេទ។ នៅក្នុងកិច្ចប្រតិបត្តិការណ៍នេះដែរ កម្លាំងរបស់លោកបាន រកឃើញមុខទំនិញចំនួន៩មុខ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដែលប្រឈមខ្លាំងបំផុតចំពោះសុខភាព អ្នកទិញយកទៅបរិភោប ជាពិសេសអាចគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតដែរ។
ក្នុងនោះដែរក្រុមការងារជំនាញបានធ្វើការដកហូតនូវមុខទំនិញទាំងអស់នោះភ្លាមៗ និងធ្វើការណែនាំដល់ម្ចាស់ទីតាំងត្រូវរៀបចំកន្លែងទុកដាក់ ឲ្យបានស្អាតកុំដាក់ហាលកម្តៅថ្ងៃដែលឆាប់ខូចគុណភាពទំនិញ ត្រួតពិនិត្យឡើងវិញរាល់មុខទំនិញទាំងអស់នូវកាលបរិច្ឆេទប្រើប្រាស់ឡើងវិញ បើឃើញថាហួសត្រូវយកទុកដាក់កន្លែងផ្សេង សម្រាប់យកទៅបោះចោល ហើយបើលើកក្រោយនៅតែមិនរៀងចាលទេនោះ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
លោកអនុប្រធានបញ្ជាក់ថា គោលដៅចំបងនាថ្ងៃនេះ គឺត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយ ចំនួនលួចបញ្ចេញមកលក់ និងចែកចាយលើទីផ្សារកម្ពុជា នាក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ជាពិសេសផ្តោតទៅលើផលិផល សណ្តែកដី ត្រី ផលិតផលពីត្រី និងខ្ទឹមស ដែលនាំចូលពីប្រទេសភូមា ឡាវ ឥណ្ឌូនេស៊ី និងប្រទេសចិន ដែលតម្រូវឲ្យក្រុមហ៊ុនទាំងនោះប្រមូលយកទៅវិញ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាយថាហេតុ។
សូមបញ្ជាក់ថា ចំណីអាហារដែលមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ យកទៅធ្វើការពិនិត្យពីអាជីករផ្សារដើមគ មាន៦៧គម្រូ រកឃើញ នូវសំណល់ថ្នាំសត្វល្អិតក្នុងបន្លែភ្លៅកង្កែចំនួន២គីឡូ និងទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៨មុខ នៅកន្លែងវិចខ្ចប់វត្ថុអនុស្សារីយ៍ ក្បែរស្តុបពេទ្យចិនចំនួន៩មុខ ត្រូវដកហូតយកទៅកម្ទេចខោល៕