(ក្រចេះ)៖ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អំពាវនាវដល់មន្រ្តី និងពលរដ្ឋចូលរួមបង្ការ ទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវនានា ឲ្យបានគ្រប់គ្នាព្រោះករណីគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក តែងមានកំណើនខ្ពស់នៅរាល់ឱកាសបុណ្យផ្សេងៗ បណ្ដាលឲ្យមានកំណើនជនរងគ្រោះជាអតិបរមា ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំ ចិន-វៀតណាមខាងមុខនេះ។
លោក ណាប់ ទិដ្ឋា នាយរងការិយាល័យសណ្តាប់ធ្នាក់ចរាចណ៍ផ្លូវគោក បានឲ្យដឹងថា ភាគច្រើននៃគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីការបើកបរយានយន្ត មិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង មិនគោរពសិទ្ធិអាទិភាព មិនពាក់មួកសុវត្ថិភាព ការវ៉ាជែងប្រថុយប្រថាន ការដឹកទំនិញលើស ឬអ្នកដំណើរលើសកំណត់ជាដើម។
លោកនាយរងរូបនោះ បានបញ្ជាក់ថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ សូមធ្វើការអំពាវនាវដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរដោយគោរពច្បាប់ស្ដីពីចរាចណ៍ផ្លូវគោក រួមមាន ត្រូវពាក់មួកសុវត្ថិភាពពេលជិះទោចក្រយានយន្ត ត្រូវបើកបរតាមល្បឿនកំណត់ ត្រូវបើកបរក្នុងស្ថានភាពមិនស្រវឹង ត្រូវគោរពសិទ្ធិអាទិភាព ត្រូវវ៉ាជែងក្នុងស្ថានភាពសុវត្ថិភាព ត្រូវដឹកទំនិញ ឬអ្នកដំណើរតាមច្បាប់កំណត់ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្អូច ហ្វ្រាំង ភ្លើងបំភ្លឺ។
ចំពោះរថយន្តដឹកអ្នកដំណើរដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរ ក្នុងការឱកាសនេះ ត្រូវពាក់ខ្សែក្រវ៉ាត់ សុវត្ថិភាពជានិច្ច ជាពិសេសត្រូវបើកបរក្នុងស្មារតី ប្រុងប្រយ័ត្នជានិច្ច៕