(ភ្នំពេញ)៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នឹងឈានចូលមកដល់ ក្នុងនោះដែរឃើញថា អាជីវករលក់ផ្ការអង្គាសិល្ប៍ ហាក់កំពុងសប្បាយរីករាយមួយនឹងការលក់ ខណៈមានអ្នកចូលជាវច្រើនលើសពីការរំពឹងទុក ដោយអាជីវករម្នាក់ៗរំពឹងថា នឹងលក់បានច្រើន និងទទួលបានចំណេញគួរសមផងដែរ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News អ្នកស្រី រស់ ទូច អាជីវករលក់ ទីតាំងនៅជាប់ក្លោងវត្តទឹកថ្លា បានឲ្យដឹងថា ក្នុងឆ្នាំនេះ ខ្ញុំបាននាំយកផ្កាអង្គាសិល្ប៍ពីភ្នំឱរ៉ាល់ បានប្រមាណតែ៣០-៥០បាច់តែប៉ុណ្ណោះ ដោយសារតែឆ្នាំនេះ ផ្កាអង្គារសិល្ប៍រីកលឿន ជាងបុណ្យចូលឆ្នាំប្រពៃណីចិនកន្លងទៅ។ សម្រាប់ឆ្នាំនេះ ការលក់ផ្កាអង្គារសិល្ប៍ហាក់ដាច់ខ្លាំងជាងឆ្នាំមុន ហើយប្រសិនបើផ្កានេះរីកល្អនោះការលក់រឹតតែចំណេញច្រើន។
លោក ទេព បូរិន អ្នកលក់ផ្កាអង្គារសិល្ប៍ទីតាំងវត្តទឹកថ្លា បានថ្លែងឲ្យដឹងថា ផ្កាអង្គារសិល្ប៍នេះខ្ញុំ ទៅកាប់ពីព្រៃក្នុងខេត្តពោធិ៍សាត់ ដោយកាប់បានប្រមាណជា៤០-៥០គុម្ព នាំយកមកលក់ក្នុងទីក្រុងភ្នំពេញនេះ។ បើគិតតាំងការកាប់ពីក្នុងព្រៃ និងនាំយកមកលក់ដល់ទីក្រុងភ្នំពេញនេះ ខ្ញុំបានចំណាយថវិកាច្រើនគួរសម ដែលត្រូវចំណាយទៅលើផ្នែកនីមួយៗដូចជា៖ ថ្លៃដឹកជញ្ជូន, ថ្លៃអ្នកកាប់ផ្កាពីក្នុងព្រៃ, ថ្លៃទឹក និងថ្លៃជួលកន្លែងជាដើម។
លោកបានបញ្ជាក់ទៀតថា ផ្កានេះមានការលំបាកច្រើនក្នុងការថែទាំង តែបើការថែទាំងចេញផ្កាបានល្អ, រីកល្អ ជាពិសេសរីកល្អ ក្នុងពេលបុណ្យចូលឆ្នាំប្រពៃណីចិននោះ ការលក់នឹងបានថ្លៃដូចគ្នា។ តម្លៃផ្កាមានចាប់ពី១០ដុល្លារឡើងទៅ ការលក់នេះទៀតសោធ ក៏ប្រថុយនឹងការខាតបង់ច្រើន ប្រសិនបើអាកាសសធាតុចុះត្រជាក់ ដែលបណ្ដាលឲ្យផ្កាមិនរីក ឬផ្ការីកច្រើនមុនថ្ងៃចូលឆ្នាំមកដល់។
លោកបានបន្ដទៀតថា «សម្រាប់ឆ្នាំនេះ ផ្កាខ្សត់ជាងឆ្នាំទៅមិញ តែតម្លៃវិញខ្ពស់ជាងឆ្នាំទៅ និងលក់ដាច់ជាងរាល់ឆ្នាំ»។
លោក ស្រស់ ស៊ីណា អ្នកលក់ផ្កាអង្គារសិល្ប៍ទីតាំងជ្រោយចង្វាបានឲ្យដឹងថា «អង្គាសិល្ប៍ទាំងនេះ នាំមកពីខេត្តក្រចេះ ហើយក្នុងឆ្នាំនេះ ខ្ញុំនាំយកផ្កាអង្គារសិល្ប៍ពីខេត្តបានប្រមាណជា៧០គុម្ព រហូតមកដល់ពេលនេះ ផ្កាអង្គារសិល្ប៍មានអ្នកជាវច្រើន ដោយខ្ញុំលក់បានប្រមាណជា៥បាច់រួចមកហើយ ដោយលក់បានក្នុងតម្លៃ៧០ដុល្លារក្នុងមួយដើម»។
លោកបានបន្ដទៀតថា «ឆ្នាំនេះផ្កាចេញបានល្អ ដូច្នេះការលក់ក៏ដាច់ច្រើនជាងរាល់ឆ្នាំ...ជារៀងរាល់ឆ្នាំការលក់ បានទទួលចំណេញប្រមាណ៥០០-៦០០ដុល្លារ ហើយឆ្នាំនេះ ខ្ញុំសង្ឃឹមថា នឹងទទួលបានចំណេញច្រើន ដូចជារាល់ឆ្នាំដែរ»។
អ្នកស្រី អេង វ៉ាន់ថា អាជីវកម្មម្ចាស់ហាងលក់ផ្កា ខៀវ ចិន្ដា បានថ្លែងឲ្យដឹងដែរថា «អង្គាសិល្ប៍ឆ្នាំនេះ លក់ដាច់ជាងឆ្នាំទៅមិញ។ ខ្ញុំនាំចូលបានប្រមាណជា១០០គុម្ព តែលក់ដាច់អស់ប្រមាណជាង១០-២០គុម្ពបាត់ទៅហើយ តែអង្គារសិល្ប៍ដែលខ្ញុំលក់នេះ ជាអង្គារសិល្ប៍ដែលផ្សាំ ដុះជាប់នឹងដីដាំនឹងថូ ដែលនាំចូលពីប្រទេសវៀតណាម មានតម្លៃចាប់ពី១០០ដុល្លារឡើងទៅ»។
អ្នកស្រីបានថ្លែងឲ្យដឹងថា «សម្រាប់ឆ្នាំមុន និងឆ្នាំនេះការលក់អង្គារសិល្ប៍ប្រហាក់គ្នាតែឆ្នាំនេះ លក់ដាច់ខ្លាំងជាងឆ្នាំមុន ដំបូងមកខ្ញុំគិតថា អង្គាសិល្ប៍នេះ អាចមិនសូវដាច់ទើបនាំចូលតិច តែពេលយកមកបែរជា លក់ដាច់ជាងឆ្នាំមុនទៅវិញ ជាធម្មតាត្រឹមថ្ងៃនេះ មិនទាន់មានអ្នកមកទិញផ្កាផង តែឥឡូវបែរជាមានអ្នកមកទិញច្រើនទៅវិញ»។
លោក ជីន ចម្រើន អ្នកទិញផ្កាអង្គារសិល្ប៍បានឲ្យដឹងថា «ការដាក់តាំងផ្កាអង្គារសិល្ប៍ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះធ្វើឡើង តាមពីបុរាណចិន ហើយបើចំថ្ងៃទី១ (ថ្ងៃចូលឆ្នាំដំបូង) មានចេញផ្កាល្អនោះ រាសីក្នុងឆ្នាំនេះនឹងឡើងខ្ពស់ត្រដែត សម្រាប់ផ្ទះខ្ញុំវិញ ខ្ញុំតែងតែសែនផ្កាអង្គារសិល្ប៍នេះ ជារៀងរាល់ឆ្នាំ ដែលមិនដែលអាក់ខាននោះឡើយ»។
ចំណែកអ្នកស្រី សុខ សុផា អ្នកទិញផ្កាអង្គារសិល្ប៍ក៏បានឲ្យដឹងដែរថា ទំនៀមទំលាប់ចិន ការដាក់តាំងផ្កាអង្គារសិល្ប៍ គឺដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន រកស៊ីមានបានសម្រាប់ឆ្នាំថ្មី មានន័យថា កាលណាផ្កាអង្គារសិល្ប៍នេះ រីកផ្កាល្អក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន រហូតដល់ចប់ចូលឆ្នាំហើយ នោះបានសេចក្ដីថា នឹងមានលាភ មានជ័យ ហេង ហេង ដល់ក្រុមគ្រួសារ។
អ្នកស្រីបន្ដទៀតថា «ក្រុមគ្រួសារខ្ញុំតែងតែមានជំនឿសែនផ្កាអង្គារសិល្ប៍នេះ តាំងពីដើមរៀងមក តម្ដាយ តឪពុក ខ្ញុំតែងតែមកទិញផ្កានេះ ដើម្បីយកទៅដាក់សែន និងរើសយកតែផ្កាណាដែលរៀបនឹងរីក ព្រោះដល់ថ្ងៃចូលឆ្នាំនោះវានឹងរីកល្អ»៕