(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញ (JCI Phnom Penh) និងសណ្ឋាគារសុខាភ្នំពេញ បានអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយអង្គការមន្ទីរពេទ្យកុមារអង្គរសៀមរាប ស្តីពីគម្រោង «ចែករំលែកស្នាមញញឹម» ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកំពុងជួបការខ្វះខាតថវិកា ព្យាបាលជំងឺដល់កុមារ រាប់សែននាក់។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា JCI Phnom Penh សណ្ឋាគារសុខាភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ស្តីពីគម្រោងចែករំលែកស្នាមញញឹម បានរៀបចំធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពី កញ្ញា ដែក ដារី ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា លោក គុណ កាណាដា ប្រធាន JCI Phnom Penh លោក កេង ទិត្យភារម្យ អនុប្រធាន JCI Phnom Penh លោក Jancloes Benoit អ្នកចាត់ការទូទៅនៃសណ្ឋាគារសុខាភ្នំពេញ និងលោក វេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រួមទាំងសហការី និងអ្នកចូលរួមពីបណ្តាក្រុមហ៊ុន ព្រមទាំងសារព័ត៌មានជាច្រើននាក់ទៀត។
បញ្ជាក់ឲ្យដឹងនៅ ក្នុងពិធីចុះហត្ថលេខានោះ លោក គុណ កាណាដា ប្រធាន JCI Phnom Penh បានឲ្យដឹងថា គម្រោងចែករំលែកស្នាមញញឹម គឺជាគម្រោងមួយបង្កើតឡើងដោយលោក ឈាង សុភ័ក្រ អតីតប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ក្នុងឆ្នាំ២០១១ ដែលមានសកម្មភាពផ្តោតលើការជួយកុមារកំព្រា កុមារក្រីក្រ ឬពិការ ដើម្បីឲ្យពួកគេមានឱកាស ក្នុងការទទួលបានការថែទាំសុខភាព និងបន្តការសិក្សារៀនសូត្រ ឲ្យបានល្អសម្រាប់ជីវិតរបស់ពួកគេ។
លោក គុណ កាណាដា បានបន្ថែមថា ដើម្បីផ្សារភ្ជាប់នឹងទស្សនៈវិស័យ និងបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ធ្វើយ៉ាងណាឲ្យកុមារកម្ពុជា មានឱកាសទទួលបាន ការថែទាំសុខភាព ប្រកបដោយគុណធម៌ខ្ពស់ និងសេចក្តីមេត្តាករុណា ទោះបីពួកគាត់ស្ថិតនៅក្នុងមជ្ឈដ្ឋានយ៉ាងណាក៏ដោយ។
នៅពេលឆាប់ៗខាងមុខនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញ និងសណ្ឋាគារសុខាភ្នំពេញ បានព្រមព្រៀងគ្នា ដើម្បីរៀបចំកម្មវិធី «រាត្រីសមោសរ ក្រមាឆ្នាំ២០១៨» ក្នុងគោលបំណងផ្សព្វផ្សាយពីគម្រោងចែករំលែកស្នាមញញឹមកុមារកម្ពុជា និងការរៃអង្គាសថវិកា ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកំពុងជួបការខ្វះខាតថវិកា ដើម្បីផ្គត់ផ្គង់ដល់ដំណើរការផ្តល់សេវាពិនិត្យព្យាបាល ថែទាំសុខភាពកុមារកម្ពុជា រាប់សែននាក់ និងសកម្មភាពបណ្តុះបណ្តាលដល់មន្រ្តីសុខាភិបាល រាប់រយនាក់ រួមទាំងសកម្មភាពការពារសុខភាពរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ នៅតាមសហគមន៍ខេត្តសៀមរាប ក្នុង១ឆ្នាំៗ។
កម្មវិធីនេះ នឹងចាប់ផ្តើមរៀបចំ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ពីម៉ោង៦ល្ងាច ដល់ម៉ោង១០យប់ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ដោយមានការរំពឹងទុកថា នឹងមានអ្នកចូលរួមពីស្ថាប័ន ក្រសួង និងរាជរដ្ឋាភិបាល តំណាងក្រុមហ៊ុន អ្នកឧបត្ថម្ភកម្មវិធី សប្បុរជននានា ក្នុងទីក្រុងភ្នំពេញ រួមទាំងភ្ញៀជាតិ និងអន្តរជាតិជាច្រើននាក់ទៀត។
កម្មវិធី «រាត្រីសមោសរ ក្រមាឆ្នាំ២០១៨» នឹងមានការតាំងពិព័រណផលិតផល ឬសេវាកម្មរបស់អ្នកឧបត្ថម្ភធំៗ និងបន្តបន្ទាប់ និងមានបទបង្ហាញអំពីសកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរ និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងមានការសំណេះសំណាល ទទួលទានអាហារ និងរាំលេងកម្សាន្ត ការដេញថ្លៃវត្ថុអនុស្សាវរីយ៍មួយចំនួនដូចជា ផ្ទាំងរូបថតប្រាង្គប្រាសាទអង្គរ ប្រណិតរបស់ស្ថាបនិក នៃមន្ទីរពេទ្យកុមារអង្គរ និងរូបភាពដែលជាស្នាដៃរបស់សិល្បករមួយចំនួន ក្នុងប្រទេសកម្ពុជាផងដែរ៕