(កណ្តាល)៖ អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូអភិវឌ្ឍន៍ បានអះអាងថា មន្រ្តីជំនាញសុរិយោដីថ្នាក់ខេត្ត និងថ្នាក់ក្រសួងបានចុះទៅវាស់វែងដីរបស់ ក្រុមហ៊ុនដោយមិនបានអនុវត្ត ទៅតាមស្មារតីនៃសេចក្ដីជូនដំណឹងលេខ៨៩ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តីដែលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។
លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ដែលបានបោះទុនវិនិយោគអស់ជាង៨០លានដុល្លារអាមេរិក លើដំណាំស្រូវក្រអូប នៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល បានអោយដឹងកាលពីម្សិលមិញថា «កាលពីថ្ងៃទី៩ ខែកុម្ភៈ មន្រ្តីជំនាញបានហៅខាងតំណាង ក្រុមហ៊ុនអេង ឌីប៉ូ អភិវឌ្ឍន៍ចូលរួមប្រជុំនៅសាលាឃុំកំពង់អុស។ ប៉ុន្តែអង្គប្រជុំនេះ មិនបានគោរព ឬអនុវត្តតាមស.ជ.ណ លេខ៨៩នោះទេ»។
លោកបន្តថា ដោយគេព្យាយាមអោយក្រុមហ៊ុនរបស់លោក គោរពតាមសំណើរបស់សាលាខេត្តកណ្តាល ដោយយោងទៅតាម ស.ជ.ណ លេខ ២៣ដែលអស់សុពលភាពទៅវិញ។ លោកឧកញ៉ា ឌី ប៉ូ បានបញ្ជាក់ដូច្នេះថា «គឺក្រុមហ៊ុនមិនអាចចូលរួមអនុវត្ត តាមស្មារតីអង្គប្រជុំដែលដឹកនាំ ដោយលោកចេង ស្រុង ប្រធាននាយកដ្ឋានអធិការកិច្ចភូមិបាល នៃក្រសួងរៀបចំដែនដី ដែលជាប្រធានអង្គប្រជុំបាននោះទេ»។ លោកឧកញ៉ា បញ្ជាក់បន្ថែមថា «គេអោយក្រុមហ៊ុនរបស់ខ្ញុំបាទ ត្រូវគោរពតាមសំណើរបស់ខេត្តកណ្តាល ហេតុដូច្នេះ ខ្ញុំមិនអាចទទួលយកបានទេ ពីព្រោះ ក្រុមហ៊ុនរបស់ខ្ញុំមានស.ជ.ណ លេខ៨៩ រួចហើយ»។
លោកបន្តថា «លោកចេង ស្រុង បាននិយាយថា ស.ជ.ណ លេខ២៣ នៅមានប្រសិទ្ធភាព តទៅទៀត ដោយគាត់ថា ស.ជ.ណ លេខ៨៩ មិនមានដាក់និរាករណ៍ ស.ជ.ណ លេខ២៣ទេ។ លោកឧកញ៉ាឌី ប៉ូ លើកឡើងថា ចំពោះបញ្ហានេះ គឺមិនត្រឹមត្រូវនោះទេ នៅពេល ស.ជ.ណ លេខ ៨៩ ចេញមក គឺស.ជ.ណ ចាស់ត្រូវអស់សុពលភាពដោយស្វ័យប្រវត្តិបាត់ទៅហើយ»។
លោកអគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍បញ្ជាក់ថា ចំពោះក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍បានទិញដី ពីប្រជាពលរដ្ឋអស់ហើយ ហើយបានចាប់ផ្តើមអភិវឌ្ឍន៍ តាំងពីឆ្នាំ២០០៦មកម្ល៉េះ ប្រជាពលរដ្ឋដែលមានដី ពិតប្រាកដមិនបានមកធ្វើការតវ៉ា ជាមួយក្រុមហ៊ុននោះឡើយ មានតែក្រុមឈ្មួញ ខិលខូចមករំខាននៅក្នុងគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០១៦ ខណៈដែលក្រុមហ៊ុនបានផ្អាកការដាំដុះស្រូវមួយរយៈ ពេលនោះមានមន្រ្តីជំនាញថ្នាក់ក្រសួង ថ្នាក់ខេត្តមួយ ចំនួនបានចូលទៅវាស់ដីក្រុមហ៊ុនចែកគ្នាម្តងរួចមកហើយ។ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ បែរជាមានមន្រ្តីជំនាញក្រសួង ខេត្តកណ្តាល និងស្រុកមួយចំនួនតូចបានទៅវាស់វែងដីរដ្ឋ យកទៅលក់អោយឈ្មួញដែលនេះជាការពិត។
លោកឧកញ៉ាឌី ប៉ូ បញ្ជាក់ថា ពីព្រោះដីនេះជាដីរបស់រដ្ឋ ហើយរដ្ឋ ជួលអោយក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ដូច្នេះគ្មាននរណាម្នាក់ មានសិទ្ធិយកដីរបស់រដ្ឋទៅលក់ ឬធ្វើប័ណ្ណកម្មសិទ្ធិបាននោះឡើយ។ លោកឧកញ៉ា ឌី ប៉ូ បានលើកឡើងនៅក្នុងស្មារតី អង្គប្រជុំនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្មានថ្ងៃមុននេះថា អាជ្ញាធរខេត្តកណ្តាលបានធ្វើសំណើ ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងជំហ៊ានទី១ គឺចុះទៅរកដីដែលបានចេញប័ណ្ណជាន់នៅលើ ដីស្របច្បាប់របស់ក្រុមហ៊ុន ជាង១០គ្រួសារ។ ចំណែកជំហ៊ានទី២ គឺអនុវត្តន៍តាមសំណើរបស់ខេត្ត គឺការឈានទៅចុះបញ្ជីក្បាលដីផ្សេងៗទៀត គឺការវាស់វែងឲ្យប្រជាពលរដ្ឋ សុទ្ធ តែមិនមែនរស់នៅក្នុងតំបន់នេះឡើយ។
នៅក្នុងស្មារតីអង្គប្រជុំនេះដ៏ដែល លោកឧកញ្ញ៉ាបានបរិសេធទាំងស្រុង ដោយនៅក្នុងកិច្ចប្រជុំនេះ មិនបានអនុវត្តន៍តាម ស.ជ.ណ លេខ៨៩ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទើបតែអនុញ្ញាតប្រគល់ឲ្យ ក្រុមហ៊ុនអភិវឌ្ឍន៍ឡើងវិញ ក្នុងពេលថ្មីៗនេះ។ជាលទ្ធផលបែរជាមន្រ្តីជំនាញទាំងនោះយក ស.ជ.ណចាស់ លេខ២៣ ដែលអស់សុពលភាពទៅហើយនោះ មកចុះអនុវត្តន៍ ទៅវិញ រហូតដល់លោក ចេង ស្រុង យក ស.ជ.ណចាស់ មកអាននៅក្នុងអង្គប្រជុំដែលធ្វើឲ្យក្រុមហ៊ុន កាន់តែទទួលយកលែងបាន ព្រោះហេតុផល របស់មន្រ្តីជំនាញទាំងនោះ គឺការពុះចិញ្ច្រាំដីរបស់ក្រុមហ៊ុន យកទៅឲ្យពួកឈ្មួញខិលខូច។
ក្នុងនោះលោកចេង ស្រុង បានបញ្ជាក់ថា ស.ជ.ណ ចាស់ លេខ២៣ នោះគឺនៅមានសុពលភាពដោយលោកអះអាងថា ស.ជ.ណលេខ៨៩ ដែលទើបចេញថ្មីមិនបាននិយាយ ឬទុកស.ជ.ណលេខ ២៣ចាស់ជានិរាករណ៍នោះឡើយ ។
ពាក់ព័ន្ធបញ្ហានេះ លោកឧកញ៉ាឌី ប៉ូ បានសំណូមពរដល់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍និងជួយទប់ស្កាត់ចំពោះមន្រ្តី និងឈ្មួញ ខិលខូចទាំងនោះ ដើម្បីផ្តល់ឱកាសឲ្យក្រុមហ៊ុនវិនិយោគ ពេញលេញនៅលើគម្រោងរបស់ខ្លួន ព្រោះកន្លងមក ក្នុងកំឡុងឆ្នាំ២០០៧ រហូតមក ក្រុមហ៊ុនបានដោះស្រាយបញ្ចប់ជាមួយប្រជាពលរដ្ឋរួចរាល់ហើយ និងជួយ ការពារដីរបស់រដ្ឋទៀតផងដែរ។
តាំងពីពេលនោះមក ក៏គ្មានប្រជាពលរដ្ឋ ណាមកតវ៉ាជាមួយក្រុមហ៊ុននោះទេ។
រហូតមកដល់ឆ្នាំ២០១៦មក ខេត្តកណ្តាលបានឲ្យក្រុមហ៊ុនផ្អាកអស់រយៈពេល១ឆ្នាំ ស្របនឹងឆ្នាំ២០១៦នោះ ដែរ ក្រុមមន្រ្តីជំនាញរបស់ខេត្ត បានរៀបចំក្បាលដី និងបានចេញប្លង់ជាន់លើ ដីក្រុមហ៊ុនដែលបានដោះស្រាយបញ្ចប់ទៅហើយនោះ ឲ្យទៅប្រជា ពលរដ្ឋដែលធ្វើជាខែលបោះដៃទៅឲ្យឈ្មួញខិលខូចទៅវិញ ។
ចំណែកអ៊ំស្រីស៊ុន ផល្លី ជាប្រជាពលរដ្ឋដែលជាអតីតម្ចាស់ដីពិតប្រាកដបានអះអាងថា ចំណុចដីទួលដៃខ្លានេះ គឺជាដីរបស់គាត់ពិតប្រាកដដោយ គាត់បានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ និងបានសុំពីអាជ្ញាធរភូមិកំពង់អុស ដែលគាត់ជាអតីតមេភូមិចាស់ និងមានការស្នើសុំទៅដល់មេ ឃុំផងដែរ។ក្នុងនោះសូម្បីលោកឆោម ឈឿន មេភូមិថ្មី ក៏មានការទទួលស្គាល់ថាជាដីរបស់គាត់ផងដែរ ។
អ៊ុំស្រីបានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ ៥គ្រួសារដែលអះអាងថា ជាដីរបស់ខ្លួន ហើយឲ្យមន្រ្តីជំនាញចុះមកវាស់វែងនេះ គឺគ្មានដីនៅត្រង់នេះឡើយ ចំពោះដីរបស់ពួកគេគឺនៅកន្លែងផ្សេងៗ ហើយដីទាំងនោះ ក៏បានលក់ឲ្យក្រុមហ៊ុនអស់ហើយផងដែរ។ អ៊ុំស្រីបានបញ្ជាក់ទៀតថា ចំណែកដីនេះ គឺគាត់លក់ទៅឲ្យក្រុមហ៊ុនជាយូរណាស់មក ហើយដូច្នេះចំពោះប្រជាពលរដ្ឋទាំង៥គ្រួសារ ដែលបានអះអាងថាជាដីរបស់ខ្លួននោះ គឺកំពុងបំពានយកដីក្រុមហ៊ុននេះជាដីរបស់ខ្លួនហើយ ក្នុងនោះ ប្រសិនបើក្រុមហ៊ុនមានការប្តឹងផ្តល់ អ៊ំស្រីនឹងធ្វើជាសាក្សីឲ្យជានិច្ចដើម្បីរកដំណោះស្រាយនេះឲ្យសមហេតុផល។
ចំណែក លោកពូ ឆាត ឈិន ជាអតីត ម្ចាស់ដីពិតប្រាកដនៅជាប់ដីអ៊ុំស្រីខាងលើនេះដែរ បានបញ្ជាក់ថា ដីនៅទីនេះគឺគាត់ស្គាល់ច្បាស់ណាស់ នៅពេលដែលគាត់ចាប់ផ្តើមរុករានដីនៅទីនេះ ដើម្បីធ្វើស្រែ។ ជាក់ស្តែងដីរបស់គាត់ក៏មានការទទួលស្គាល់ពីមេភូមិ មេឃុំ ផងដែរ ក្រោយពីក្រុមហ៊ុនសុំទិញដីនេះ គាត់ក៏បានយល់ព្រមលក់ទៅឲ្យ ក្រុមហ៊ុនរួចរាល់ហើយដែរ ចាប់តាំងពីពេលនោះមក រូបគាត់ក៏មិនបានមកតវ៉ា ជាដីកម្មសិទ្ធិទៀតទេ។
ចំពោះលោកអតីតមេភូមិកំពង់អុសចាស់បាន លើកឡើងថា ដីនេះពិតជាដីប្រជាពលរដ្ឋខាងលើពិតប្រាកដ ព្រោះកាលរូបលោកនៅជាមេភូមិ គឺបានទទួលស្គាល់ជាដីកម្មសិទ្ធិ ទី១ឈ្មោះ ឆាត ឈិន ទី២ស៊ុន ផល្លី និងទី២ឈ្មោះស៊ុន និងបានអនុញ្ញាតឲ្យពួកគាត់រុករានដីដើម្បីធ្វើស្រែចិញ្ចឹមជីវិតទៀតផង។អតីតមេភូមិរូបនេះ បញ្ជាក់បន្ថែមថា ចំពោះ ប្រជាពលរដ្ឋ៥គ្រួសារដែលបានយកជំនាញសុរិយោដីមកវាស់វែងនេះ គឺមិនមែនជាដីរបស់ខ្លួននោះឡើយ។ ដូច្នេះចំពោះប្រជាពលរដ្ឋ៥គ្រួសារដែល មកនេះ គឺជាការរំលោភបំពានដីរបស់ក្រុមហ៊ុន ពិតប្រាកដដោយលោកហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់៕