(សៀមរាប)៖ ភ្នាក់ងារទេសចរណ៍ដែលបំពេញការងារនៅតាមប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ ចំនួន៤០នាក់ បានទទួលការបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមពីអង្គការ NPO Srolanh Project របស់ជប៉ុន ដែលជាសុទ្ធតែជាអ្នកជំនាញចំនួន៩រូប។
វគ្គសិក្សានេះមានរយៈពេល១ព្រឹក នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលសន្និសិទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដោយផ្តោតសំខាន់លើការធ្វើចលនាដង្ហើម ការរំរបួស ការជួយសង្គ្រោះដោយសារបាក់ ឬគ្រិចជាដើម។
គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ អង្គការ NPO Srolanh Project បានចុះមកបង្រៀនដល់ភ្នាក់ងារទេសចរចំនួន៣លើកហើយ ដែលមានភ្នាក់ងារចូលរួមសរុបចំនួន ១២០នាក់ ដោយក្នុងមួយវគ្គមានភ្នាក់ងារទេសចរចំនួន ៤០នាក់។ ការរៀបចំវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមខាងលើនេះ គេតែងតែធ្វើឡើងជារៀងរាល់៦ខែម្តង គឺនៅក្នុងខែកុម្ភៈ និងខែកក្កដា៕