(កំពង់ស្ពឺ )៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ ចុះជួយស្រុកបរសេដ្ឋ បានដឹកនាំវេទិកាសាធារណៈ ដើម្បីដោះស្រាយក្តីកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមូលដ្ឋាន នៅវត្តក្រាំងគងពិសី ក្នុងភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការចូលរួម ពីប្រជាពលរដ្ឋប្រមាណ ៧០០នាក់។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលចូលរួមក្នុងវេទិកា លោកទេសរដ្ឋមន្រ្តី បានមានថ្លែងថា ក្នុងពិភពលោក មានតែប្រមាណ១០ប្រទេសប៉ុណ្ណោះ ដែលមានកំណើនសេដ្ឋកិច្ចលើ៧% ហើយមានខ្មែរយើងក្នុងនោះផងដែរ។ ដូច្នេះ ប្រជាពលរដ្ឋយើងបានទទួលផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនេះ ដោយមានកម្រិតជីវភាពសមរម្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូ អគ្គិសនី និងទឹកស្អាតប្រើប្រាស់។
លោកទេសរដ្ឋមន្រ្តីបានបន្តថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្មែរយើងមាន១២រូបចុះហត្ថលេខា ដែលលោកជាហត្ថលេខីមួយរូប។ ទម្រាំបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងចរចាច្រើនណាស់។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានបញ្ចប់ហើយ។ តាមកិច្ចព្រមព្រៀងយើងមានអ៊ុនតាក់ មានការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបានបង្កើតរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ បើមិនសុខចិត្តអាចប្តឹងនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ។ គណបក្សសង្រ្គោះជាតិ ត្រូវរំលាយហើយ គឺចប់ហើយ កុំសង្ឃឹមថារស់រានមានជីវិតឡើងវិញ។ ការដែលបក្សត្រូវរំលាយគឺ ដោយសារប្រធានបក្សថាទទួលបញ្ជាពីបរទេស ឱ្យមកធ្វើនយោបាយផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅស្រុកខ្មែរ។ ឥឡូវពួកគាត់ទៅអំពាវនាវ ឱ្យគេឈប់ទិញឥវ៉ាន់ ពីកម្ពុជា នោះហើយគឺជាទង្វើក្បត់ជាតិ។ ហើយគេនាំគ្នាបង្កើតចលនាសង្រ្គោះជាតិ នោះគឺជាចលនាឧទ្ទាមហើយ ដែលជាអំពើក្បត់ជាតិផងដែរ។ ស្រុកខ្មែរគ្មានវិបត្តិនយោបាយទេ មានតែអ្នកនយោបាយដែលមានវិបត្តិ ដោយសារពួកគាត់ខំពន្យុះអ្នកស្រុកឱ្យស្អប់រាជរដ្ឋាភិបាល ដើម្បីធ្វើបដិវត្តន៍ពណ៌។
សព្វថ្ងៃ រាជរដ្ឋាភិបាល ក៏បានខិតខំដំឡើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ ព្រមទាំងគិតគូរអំពីរបបសន្តិសុខសង្គម ដោយរៀបចំឱ្យមាន បេឡាជាតិរបបសន្តិសុខសង្គម។ ដូច្នេះ ពេលកម្មករកម្មការិនីឈឺ ឬមានគ្រោះថ្នាក់មានថវិកាសម្រាប់ព្យាបាល និងឧបត្ថម្ភ។ លើសពីនេះ ពេលចាស់កម្មករយើងមានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ។
លោកទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ យើងមានសន្តិភាព និងការអភិវឌ្ឍ ហើយប្រជាពលរដ្ឋខ្មែរ នឹងទទួលបានអត្ថប្រយោជន៍ពីស្ថេរភាព និងកំណើនសេដ្ឋកិច្ច ៕