(ព្រះសីហនុ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ហត្ថាកសិករ លីមីតធីត បានរៀបចំមហាសន្និបាតលើកទី២១ នៅសណ្ឋាគារឆ្នេរឯករាជ្យ នៃទីរួមខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍នេះ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការយុត្តិសាស្រ្តសម្រាប់ឆ្នាំ២០១៨។
កម្មវិធីប្រជុំប្រចាំឆ្នាំនេះ មានការអញ្ចើញចូលរួមពីប្រធានក្រុមប្រឹក្សាភិបាល ប្រធានអគ្គនាយក គណៈគ្រប់គ្រងជាន់ខ្ពស់ ថ្នាក់គ្រប់គ្រងនៅការិយាល័យកណ្តាលនិងសាខាទូទាំង២៥ ខេត្តនិងរាជធានី ព្រមទាំងបុគ្គលិកឆ្នើមផងដែរ។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានមតិសំណេះសំណាលបើកកម្មវិធី ដោយបាន លើកឡើងពីសមិទ្ធផលជាក់ស្តែង សម្រេចបានក្នុងឆ្នាំ២០១៧កន្លងមកនេះ។ លោកបញ្ជាក់ថា ហត្ថាកសិករ សម្រេចបានគោលដៅស្ទើរគ្រប់ផែនការទាំងអស់សម្រាប់ឆ្នាំ២០១៧ កន្លងទៅនេះ ដែលជាជាលទ្ធផល ចំនួនអតិថិជនឥណទានបានកើនឡើងរហូតដល់ ១២៣,៦១៨ ជាមួយផលប័ត្រឥណទាន ៥៧៦ លានដុលា្លរ និងអតិថិជនប្រាក់បញ្ញើសន្សំសរុបមានចំនួន២២៥,៩៦០ នាក់ ជាមួយនឹងសមតុល្យប្រាក់បញ្ញើសន្សំ ៣៦៧លានដុល្លារ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៧។
លោកប្រធានអគ្គនាយក បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរដល់គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករ ទាំងអស់ដែលបានដុតដៃដុតជើង លះបង់ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពាំនាំលទ្ធផលដ៏ល្អត្រចះត្រចង់នេះ។ លោកបន្តថា «ជោគជ័យដែលយើងទទួលបានក្នុងឆ្នាំ២០១៧នេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ វាប្រាកដណាស់បានមកពីការខិតខំប្រឹងប្រែង របស់បុគ្គលិកទាំងអស់ ហើយជាពិសេសក៏បានមកពីការគាំទ្រប្រកបដោយភាពជឿជាក់ពីភាគទុនិករបស់យើង គឺធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥នៃព្រះរាជាណាចក្រថៃ»។
លោក Dan Harsono ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានថ្លែង និងមតិអបអរសាទរដល់ គណៈគ្រប់គ្រង និងបុគ្គលិក ទាំងអស់ដែលសម្រេចបាននូវផ្លែផ្កាគួរជាទីមោទន សម្រាប់ឆ្នាំ២០១៧នេះ។ លោកលើកឡើងថា «ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល យើងពិតជាមានមោទនភាពណាស់ ដោយឃើញហត្ថាកសិករ នៅតែបន្តការរីកចម្រើនទៅមុខជានិច្ច ដែលមិនបានធ្វើឲ្យធនាគារអាណាព្យាបាលខកចិត្តឡើយបន្តិចណាឡើយ»។
លោកបានបន្ថែមថា «យើងនឹងបន្តសហការ និងគាំទ្រលើគ្រប់ផ្នែកទាំងអស់ដែលហត្ថាកសិករត្រូវការ ដើម្បីធ្វើដំណើទៅរកភាពជោគជ័យទាំងអស់គ្នា និងដើម្បីសម្រេចតាមមហិច្ចតា ព្រមទាំងផែនការយុត្តិសាស្រ្តដែលបានកំណត់»។
ចុងបញ្ចប់នៃកម្មវិធី ក៏មានការប្រគល់នូវលិខិតសរសើរ ដល់បុគ្គលិកដែលបានបម្រើការងារយូរឆ្នាំ ព្រមទាំងការប្រគល់រង្វាន់លើកទឹកចិត្ត ដល់សាខាឆ្នើម និងបុគ្គលិកឆ្នើមផងដែរ ៕