(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបង្ហាញនូវបំណង ចង់បានអ្នកវិនិយោគទុន និងអ្នកទេសចរអង់គ្លេស មកបណ្តាក់ទុន នឹងទស្សនានៅកម្ពុជាឲ្យបានច្រើន ខណៈដែលប្រទេសកម្ពុជាសព្វថ្ងៃ មានស្ថេរភាពនយោបាយ និងសន្តិសុខសុវត្ថិភាពពេញលេញ។
កាលើកឡើងបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយ លោក អេតវ៉ត វ៉ាស៊ី ប្រេសិតពាណិជ្ជកម្មនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ប្រចាំកម្ពុជា ឡាវ និងវៀតណាម នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក ឃួង ស្រេង បានលើកឡើងថា បច្ចុប្បន្នសម្រាប់រាជធានីភ្នំពេញ ការកសាងហេដ្ឋារចនាសម្ព័ន គឺត្រូវជាច្រើនបន្ថែមទៀត បើទោះបីរាជធានីភ្នំពេញ មានស្ពានឆ្លងទន្លេ ស្ពានអាកាស និងស្ពានថ្មើលជើងក៏ដោយ។
ដូច្នេះនៅក្នុងកិច្ចជំនួបពីភាក្សាការងារនេះ លោកអភិបាលរាជធានី ចង់ឲ្យអ្នកវិនិយោគទុន និងអ្នកទេសចរណ៍ អង់គ្លេសមកបណ្តាក់ទុន នឹងទស្សនានៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ព្រោះសព្វថ្ងៃប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញ មានសន្តិសុខសុវត្ថិភាពពេញលេញ បង្កលក្ខណៈគ្រប់បែបយ៉ាង ដល់អ្នកវិនិយោគនៅកម្ពុជាគ្រប់គ្រាន់។
ក្រៅពីការចង់បានអ្នកវិនិយោគទុន និងអ្នកទេសចរអង់គ្លេសមកបណ្តាក់ទុន នឹងទស្សនានៅកម្ពុជាឲ្យបានច្រើននេះ លោកអភិបាលរាជធានី ក៏បានលើកឡើងពីការរីកចម្រើន របស់រាជធានីភ្នំពេញ ដោយមានហេដ្ឋារចនាសម្ព័នជាច្រើនរួម មានអគារខ្ពស់ៗជាច្រើន និងទំហំនៃការវិនិយោគក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។
លោកថា ភ្នំពេញជាទីក្រុងប្រមូលផ្តុំ ទៅដោយសេដ្ឋកិច្ច វប្បធម៌ ប្រវត្តិសាស្រ្ត ដោយមានប្រជាពលរដ្ឋរស់នៅ នឹងស្នាក់អាស្រ័យ៣លាន់នាក់ និងមានយានយន្តរាប់លាន គ្រឿងបន្ថែមទៀត។ ទន្ទឹមនឹងការ រីកចម្រើន រាជធានីភ្នំពេញ ក៏មានបញ្ហាប្រឈម ដែលត្រូវដោះស្រាយផងដែរ គឺបញ្ហាចរាចណ៍ ដែលត្រូវដំណោះស្រាយ។
លោក អេតវ៉ត វ៉ាស៊ី ប្រេសិតពាណិជ្ជកម្មនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បានការកោតសរសើរ ពីការរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកំណើនសេដ្ឋកិច្ច នឹងការអភិវឌ្ឃមានល្បឿនលឿន។ នេះជាការទាក់ទាញយ៉ាងខ្លាំង ដល់អ្នកវិនិយោគបរទេស ចង់មកវិនិយោគនៅកម្ពុជា។
លោកបន្តថា អ្វីដែលលោកចាប់អារម្មណ៍ នៅកម្ពុជាមានវិស័យដឹកជញ្ជូន និងវិស័យអប់រំ។ ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន លោកបានអះអាងថា ប្រទេសអង់គ្លេសមានក្រុមហ៊ុនឈ្មោះ Mabey Bridge ហើយក្រុមហ៊ុននេះ បានសាងសង់ស្ពាននៅប្រទេសហ្វីលីពិន និងប្រទេសម៉ាឡេស៊ី រាប់ពាន់ស្ពាន ។
លោកប្រេសិតពាណិជ្ជកម្ម នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស់ បានបញ្ជាក់ថា ក្រុមហ៊ុននេះចង់មានវត្តមាននៅកម្ពុជាដែរ។ ជាជំហានដំបូងក្រុមហ៊ុន Mabey Bridge នឹងផ្តល់ជាស្ពាន គំរូមួយ ដល់រាជធានីភ្នំពេញមួយនាពេលខាងមុខ៕