មុនឱកាសបុណ្យចូលឆ្នាំចិន! សាខាកាំកុងត្រូលខេត្តព្រះវិហារ ចុះផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស នៅវិទ្យាល័យដូនទុន ស្រុកឆែប ឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារ
13-02-2018 16:29
(ព្រះវិហារ)៖ សាខាកាំកុងត្រូលខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សហការជាមួយអង្គភាពពាក់ព័ន្ធ បានធ្វើការចុះផ្សព្វផ្សាយអប់រំ អំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារ ដល់សិស្សានុសិស្ស នៅវិទ្យាល័យដូនទុន ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារ។
លោក ដួង មុន្នី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងថា មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន សាខាកាំកុងត្រូលខេត្តព្រះវិហារ បានចុះផ្សព្វផ្សាយអប់រំ ដល់សិស្ស ឲ្យយល់ដឹងអំពីសុវត្ថិភាព និងគុណភាពចំណីអាហារនៅពេលនេះ គឺមានការសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តព្រះវិហារ អាជ្ញាធរស្រុកឆែប ក៏ដូចជាមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បញ្ជាក់ថា ការចុះផ្សព្វផ្សាយអប់រំនេះ ក្នុងគោលបំណង ឲ្យសិស្សានុសិស្សបានយល់ដឹង អំពីសុវត្ថិភាពចំណីអាហារ មុននឹងទិញយកទៅទទួលទាន ហើយពិសេសជាងនេះ គឺមុនចូលឆ្នាំប្រពៃណីជនជាតិចិនខាងមុខនេះ។
លោក ដួង មុន្នី បានបន្តថា បើសិស្សានុសិស្ស បានយល់ដឹងពីសុវត្ថិភាព និងគុណភាពចំណីអាហារ បានច្បាស់លាស់នោះ ហាក់បីដូចជាបានចូលរួម ក្នុងការកាត់បន្ថយការចំណាយ នៅក្នុងគ្រួសារ បានមួយផ្នែកធំដែរពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិន គេអាចទៅពន្យល់ប្រាប់ក្រុមគ្រួសាររបស់គេ មុននិងទិញរបស់របរគ្រឿងហូបចុក យកមកធ្វើម្ហូបសែន។
លោកថា ប៉ុន្តែបើសិស្សានុសិស្ស មិនបានយល់ច្បាស់ពីសុវត្ថិភាព និងគុណភាពចំណីអាហារទេ ចេះតែទិញមកបរិភោគ មិនបានត្រួតពិនិត្យមើលនោះ ច្បាស់ជាប៉ះពាល់ដល់សុខភាព មានជំងឺផ្សេងៗ នាំឲ្យក្រុមគ្រួសារ ខាតបង់ថវិកា ក្នុងការព្យាបាលជំងឺ មិនខាន ហើយក្រៅពីនោះ ធ្វើឲ្យខាតបង់ពេលវេលាសិក្សាមិនខាន។
ប្រធានសាខាកាំកុងត្រូល ក៏បានផ្តាំផ្ញើឲ្យសិស្សានុសិស្សមុនទិញ ម្ហូបអាហារយកមកបរិភោគ ត្រូវត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ ពីការវេចខ្ចប់ថ្ងៃខែឆ្នាំផលិត ចៀសវាងនាំឲ្យ បរិភោគ ទៅប៉ះពាល់ដល់សុខភាព។
ជាមួយគ្នានេះ លោក ដួង មុន្នី ក៏បានចែកនូវផុសស្ទ័រ សម្រាប់យកទៅបិទនៅជញ្ជាំងឲ្យប្អូនៗ សិស្សានុសិស្សយកទៅពិនិត្យសិក្សាស្វែងយល់ បន្ថែមដោយខ្លួនឯង ហើយត្រូវពន្យល់ ប្រាប់ក្រុមគ្រួសារ មុននិងទិញម្ហូបឫរបស់របរផ្សេងៗមកសែនដូនតាត្រូវត្រួតពិនិត្យមើលផង៕