(កំពង់ចាម)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំបិទសន្និបាតបូកលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ចាម។
អង្គសន្និបាតនោះ ក៏មានចូលរួមពីលោក លោកស្រី និងប្រតិភូអមដំណើរ លោក លោកស្រីសមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈ កម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម, លោកប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរងខេត្តកំពង់ចាម និងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ទូទាំងខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ទូទាំងខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ក៏បានលើកឡើងពីអ្វីដែលជាសមិទ្ធផលពេញមួយឆ្នាំ ដែលខេត្តកំពង់ចាមបានសម្រេចបាន និងបានបញ្ជាក់ពីចំណុចខ្វះខាត បញ្ហាប្រឈម ជូនគណៈអធិបតីផងដែរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានវាយតម្លៃខ្ពស់ពីអ្វីដែលរដ្ឋបាលខេត្តកំពង់ចាម សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ប៉ុន្ដែទន្ទឹមនូវអ្វីដែលសម្រេចបាននាឆ្នាំ២០១៧កន្លងទៅ រដ្ឋបាលខេត្តក៏ត្រូវបន្ដ និងខិតខំប្រឹងប្រែងបំពេញនូវចំណុចខ្វះឲ្យបានកាន់តែប្រសើរឡើងវិញ។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបំពាក់គ្រឿងឥស្សរយយសជូន លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលបានខិតខំដឹកនាំកងកម្លាំងនគរបាលទូទាំងខេត្ត ដោយបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនបានយ៉ាងល្អផងដែរ៕