(ភ្នំពេញ)៖ ផ្លូវរថភ្លើងដែលតភ្ជាប់ពីព្រំដែនប្រទេសថៃ ក្នុងក្រុងប៉ោយប៉ែត មកដល់ទីក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសាងសង់រួចរាល់ហើយ ហើយគ្រោងនឹងដាក់ឲ្យរថភ្លើងដំណើរការដឹកអ្នកដំណើរនៅមុនចូលឆ្នាំខ្មែរនេះ។
លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកការងារផ្លូវដែក បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កំណាត់ផ្លូវដែកពីប៉ោយប៉ែត មកដល់ក្រុងសេរីសោភ័ណនេះមានប្រវែងប្រមាណ ៤៨គីឡូម៉ែត្រ ហើយត្រូវបានសាងសង់រួចរាល់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះតែម្តង។
លោក បូរិន បានបញ្ជាក់ថា នៅមុនចូលឆ្នាំខ្មែរនឹងដាក់ឲ្យរថភ្លើងធ្វើដំណើរ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីក្រុងសេរីសោភ័ណ ទៅកាន់ក្រុងប៉ោយប៉ែត ហើយដំណើរការខ្សែរថភ្លើងនេះ គឺក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកគ្រប់គ្រងតែម្តង។
បើតាមលោក លី បូរិន ផ្លូវដែកមួយខ្សែនេះ គឺនឹងសាងសង់មកដល់រាជធានីភ្នំពេញ ហើយបច្ចុប្បន្នការដ្ឋានបានដាក់ពង្រាយមកដល់រាជធានីភ្នំពេញហើយ ខណៈដែលការសាងសង់ភ្ជាប់ពីខេត្តបន្ទាយមានជ័យ មកបាត់ដំបងប្រវែង ៦៥គីឡូម៉ែត្រជិតរួចរាល់ផងដែរ។
លោក លី បូរិន ថា ខ្សែរថយន្តភ្លើងមួយខ្សែនេះ មិនត្រឹមតែបម្រើការដឹកជញ្ជូនក្នុងប្រទេសនោះទេ តែក៏បានតភ្ជាប់ទៅប្រទេសថៃផងដែរ ដែលអាចបម្រើដល់ការដឹកជញ្ជូនទៅប្រទេសថៃ ហើយតភ្ជាប់ទៅកាន់ប្រទេសសិង្ហបុរី និងខេត្តគុនមីង ប្រទេសចិន ហើយក៏អាចធ្វើការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានទាំងមូលតែម្តង៕