(ភ្នំពេញ)៖ ហត្ថាកសិករ លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា បានទទួលដើមទុនបន្ថែម៣០លានដុល្លារ ដែលធ្វើឲ្យដើមទុនសរុបកើនឡើងរហូតដល់១៥០លានដុល្លារ, ការបន្ថែមទុននាដើមឆ្នាំ២០១៨នេះ គឺដើម្បីបំពេញនិងសម្រេចតាមផែនការយុទ្ធសាស្រ្តថ្មី ដែលធ្វើឲ្យស្ថាប័នដ៏ធំនេះមានលទ្ធភាពកាន់តែខ្លាំងក្នុងការផ្គត់ផ្គង់ និងគាំទ្រដល់តម្រូវការរបស់អតិថិជន ដែលមានសន្ទុះកើនឡើងឥតឈប់ឈរ ហើយក៏បានបង្ហាញពីការរក្សាភាពជាស្ថាប័នហិរញ្ញវត្ថុរឹងមាំ និងនាំមុខគេនៅប្រទេសកម្ពុជាផងដែរ។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានថ្លែងថា «យើងបានទទួលព័ត៌មានពីការបន្ថែមទុនថ្មី ពីធនាគារក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាល របស់យើង ហើយក៏ជាបង្អែកដ៏ធំរឹងមាំបំផុតសម្រាប់ហត្ថាកសិករ។ នេះជាការបន្ថែមដើមទុក លើកទីពីរមកហត្ថាកសិករ ដោយមើលឃើញសមិទ្ធផលជាក់ស្តែងក្នុងឆ្នាំ២០១៧ ប្រកបដោយផ្លែផ្កា ដែលធ្វើឲ្យធានាគារអាណាព្យាបាលយើងមានការសប្បាយចិត្ត និងពេញចិត្តយ៉ាងខ្លាំង ។ដោយយល់ច្បាស់ពីទិសដៅអាជីវកម្មសម្រាប់ឆ្នាំ២០១៨ ធនាគារក្រុងស្រ៊ី មានភាពជឿជាក់យ៉ាងមុតមាំថា ការបន្ថែមទុនថ្មី នឹងជួយឲ្យហត្ថាកសិករ កាន់តែរីកចម្រើនខ្លាំងថែមទៀត ទាំងផែនការរយៈពេលខ្លី និងរយៈពេលវែង»។
ឆ្លើយតបទៅនឹងជំនួយ និងការគាំទ្រដែលមិនចេះរីងស្ងួតនេះ លោកឧកញ៉ា ហួត អៀងតុង តំណាងឲ្យថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ធនាគារក្រុងស្រ៊ី ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងពេញលេញ ដើម្បីសម្រេចឲ្យបានតាមផែនការ និងទិសដៅដែលបានកំណត់។ លោកបន្ថែមថា «ការដែលមានមានភាគទុនិកដ៏រឹងមាំ បានជួយបង្កើននូវទំនុកចិត្ត ព្រមទាំងបង្កើននូវសមត្ថភាព ក្នុងការផ្តល់ និងគាំពារប្រាក់បញ្ញើ-សន្សំជូនអតិថិជនឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់» ។
ហត្ថាកសិករ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ អាជីវកម្មស្នូល និងសេវាកម្មរបស់ហត្ថាកសិករ រួមមានសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្សន៍ សេវាប្រមូលសាច់ប្រាក់ និងសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៧ ហត្ថាកសិករ មានអតិថិជនប្រាក់បញ្ញើសន្សំចំនួន ២២៥,៩៦០នាក់ ជាមួយសមតុល្យប្រាក់បញ្ញើសន្សំ សរុបប្រមាណជាង៣៦៧លានដុល្លារ និងមានអតិថិជនឥណទានចំនួនជិត ១២៣,៦១៨នាក់ ជាមួយសំពាធឥណទានសរុបចំនួនជាង៥៧៦លានដុល្លារ។ នៅក្នុងឆ្នាំ២០១៦ ហត្ថាកសិករ លីមីតធីត បានក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតនៃប្រទេសជប៉ុន និងលើសកលពិភពលោកផងដែរ ៕