(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ រដ្ឋសភា នឹងបើកិច្ចប្រជុំពេញអង្គវិសាមញ្ញ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់បន្ថែមទោសលើ អ្នកប្រមាថព្រះមហាក្សត្រ និងសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនទៀត។ នេះបើតាមការប្រកាសរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា។
កិច្ចប្រជុំ នៅថ្ងៃស្អែកនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកនានាមួយចំនួនទៀតរបស់រដ្ឋសភាផងដែរ។
សេចក្តីព្រាងច្បាប់ ដែលគ្រោងនឹងអនុម័តនៅថ្ងៃស្អែកនេះ រួមមាន៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលបន្ថែមទោសកាន់ធ្ងន់ សម្រាប់ជនណាមួយដែលប្រមាថដល់ព្រះមហាក្សត្រ។ ២៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។ ៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
ទោះជាយ៉ាងនេះក្តី លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃស្អែកនេះដែរ រដ្ឋសភា នឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍មួយទៀត នៅមុនកិច្ចប្រជុំពេញអង្គវិសាមញ ដើម្បីពិចារណា និងសម្រេចដាក់សេចក្តីព្រាង វិសោធនកម្មរដ្ឋធម្មនុញ្ញទាំង៥មាត្រា ទៅក្នុងកិច្ចប្រជុំវិសាមញ បន្ថែមទៀត។
សេចក្តីព្រាង វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដែលរៀបចំកែប្រែថ្មីចំនួន៥មាត្រា ត្រូវបានរាជរដ្ឋាភិបាលអនុម័ត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងនោះមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី ជាដើម។ ក្នុងចំណោម៥មាត្រានោះ មានមាត្រាចំនួន២ ត្រូវបានរដ្ឋាភិបាល ផ្លាស់ប្តូរពាក្យ និងដកពាក្យ ហើយមាត្រា៣ទៀតនៃសេចក្តីព្រាងរដ្ឋាភិបាលបានបន្ថែម កថាខណ្ឌមួយចំនួន ទាក់ទងនឹងផលប្រយោជន៍របស់កម្ពុជា រួមទាំងការប្រឆាំងនឹងបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
មាត្រា៣៤ថ្មី(មួយ) កថាខណ្ឌទី៥នៃសេចក្តីព្រាង រដ្ឋាភិបាលបានប្តូរពាក្យ «បន្ថយ» ទៅជា «ដក»។ ក្នុងមាត្រា៣៤ថ្មី(មួយ)កថាខណ្ឌទី៥នៃសេចក្តីព្រាង សរសេរថា បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវបានកំណត់ក្នុងច្បាប់។ មាត្រា១១៨ថ្មី(មួយ) កថាខណ្ឌទី២នៃសេចក្តីព្រាង រដ្ឋាភិបាលបានលុបពាក្យរដ្ឋលេខាធិការចេញពីមាត្រាចាស់។ ក្នុងមាត្រា១១៨ថ្មី(មួយ) កថាខណ្ឌទី២នៃសេចក្តីព្រាង សរសេរថា គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី១រូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ជាសមាជិក។ ជាមួយគ្នានេះ មាត្រា៤២ថ្មីនៃសេចក្តីព្រាង រដ្ឋាភិបាលបានបន្ថែមមួយកថាខណ្ឌទៀត ថា «គណបក្សនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ ឬដោយប្រយោលក្តី នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ»។
មាត្រា៤៩ថ្មី នៃសេចក្តីព្រាង រាជរដ្ឋាភិបាល បានបន្ថែមមួយកថាខណ្ឌទៀតថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ ឬដោយប្រយោលក្តី នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ»។ ចំណែកឯក្នុងមាត្រា៥៣ថ្មីនៃសេចក្តីព្រាង រដ្ឋាភិបាលបានបន្ថែមមួយកថាខណ្ឌទៀតថា «ព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះក្រោមរូបភាពណាក៏ដោយ»។
ដោយឡែកសម្រាប់ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់ថាបទល្មើសប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវរៀបចំជាមាត្រាថ្មីមួយបន្ថែមគឺមាត្រា ៤៣៧ ស្ទួន ដោយបញ្ចូលទៅក្នុងជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ ដែលមានខ្លឹមសារជារួមថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕