(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៧កន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាតាមរាជធានី-ខេត្ត បានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ បានចំនួន១៥៩ករណី ដែលករណីនេះ មានការកើនឡើងចំនួន៦៧ករណី ធៀបនឹងឆ្នាំ២០១៦។
នេះបើតាមរបាយការណ៍ដែលបង្ហាញនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារ-បង្ការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
របាយការណ៍បញ្ជាក់ថា ក្រៅពីប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនទៅសាលាដំបូង បានចំនួន២០៣នាក់/១១៣នាក់ កើនឡើងចំនួន៩០នាក់ ស្រី៦១នាក់ អនីតិជន១៧នាក់ ត្រូវបានចាប់ខ្លួន។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានបរទេសចំនួន២០នាក់ ៨សញ្ជាតិរួមមាន ចិន៩នាក់ វៀតណាម៣នាក់ អង់គ្លេស២នាក់ ហូឡង់២នាក់ ជប៉ុនម្នាក់ អាមេរិកម្នាក់ រុស្ស៊ីម្នាក់ និងឆេកម្នាក។
ដោយឡែក ជនរងគ្រោះដែលសង្គ្រោះបាន ក្នុងករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន៣៤៥នាក់/២៩៨នាក់ ថយចុះចំនួន៤៧នាក់ ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ចំនួន១៣៨នាក់ អាយុពី១៥ទៅ១៧ឆ្នាំ ចំនួន៤០នាក់ និងអាយុ១៨ឆ្នាំឡើង ចំនួន១៦៧នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ចំនួន១២០នាក់ អង្គការចំនួន៥នាក់ និងទៅគ្រួសារចំនួន២២០នាក់។
របាយការណ៍បានបន្តថា ករណីអំពើជួញដូរមនុស្សបង្ក្រាបបាន ៤៨/២២លើក កើន២៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៧២នាក់ ស្រី៣៧នាក់ ជនបរទេសចំនួន៨នាក់ រួមមាន ចិន៣នាក់ ជប៉ុនម្នាក់ វៀតណាមម្នាក់ អាមេរិកម្នាក់ រុស្ស៊ីម្នាក់ និងអង់គ្លេសម្នាក់។ សង្គ្រោះជនរងគ្រោះចំនួន១២៩នាក់ ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ចំនួន៣២នាក់ (២៤.៨០%) អាយុពី១៥ទៅ១៧ឆ្នាំ ចំនួន១៩នាក់ (១៤.៧២%) និងអាយុ១៨ឆ្នាំឡើង៧៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ចំនួន២៤នាក់ អង្គការ១នាក់ និងទៅគ្រួសារ១០៤នាក់៕