(ភ្នំពេញ)៖ នៅសល់តែ២ថ្ងៃទៀតតែប៉ុណ្ណោះ បុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម នឹងឈានចូលមកដល់ ប្រជាពលរដ្ឋកម្ពុជាដែលជាប់សាច់ឈាមចិន នឹងធ្វើដំណើរទៅស្រុកកំណើត ឬក៏អាចធ្វើដំណើរកម្សាន្ដផ្សេងៗផងដែរ ហេតុដូច្នេះហើយស្ថានភាពចរាចរណ៍នៅពេលនោះ ប្រាកដណាស់នឹងមមាញឹកជាក់ជាមិនខានឡើយ។
ហេតុនេះហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវ និងស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើដំណើរដោយការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យដែលពលរដ្ឋគ្រប់ក្រុមគ្រួសារកំពុងតែជួបជុំសប្បាយរីករាយ។
ការអំពាវនាវបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចូលឆ្នាំចិនស្រវឹងខ្មែរ សូមធ្វើយ៉ាងមិចកុំឲ្យនៅឱកាសពេលចូលឆ្នាំចិនវៀតណាមនេះ បែរជានាំគ្នាគ្រោះថ្នាក់ចរាចរណ៍ អំពាវនាវឲ្យបន្ដការយកចិត្តទុកដាក់ធ្វើយ៉ាងណាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានទប់ស្កាត់»។
បន្ថែមពីនេះ សម្ដេចបានលើកឡើងថា ពលរដ្ឋកម្ពុជាបច្ចុប្បន្ននេះ កាត់ចិនច្រើនណាស់ ជាក់ស្ដែងមានទាំងមន្ដ្រីរាជការនៅតាមបណ្ដាស្ថាប័ននានាថែមទៀតផង ដែលសម្ដេចគិតថា ប្រហែលចាប់ពីថ្ងៃនេះទៅមិនសូវមានមន្ដ្រីរាជការទៅកន្លែងធ្វើការនោះទេ ព្រោះអីត្រូវត្រៀមរៀបចំលក្ខណៈដើម្បីសែនព្រេន តាមប្រពៃណីចិន។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធាននោះ ក៏បានចេញសេចក្ដីអំពាវនាវមួយស្ដីពី «ការទប់ស្កាត់ចរាចរណ៍គ្រោះថ្នាក់ផ្លូវគោក» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម នៅពាក់កណ្តាលខែកុម្ភៈ ខាងមុខនេះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ តែងមានកំណើនខ្ពស់នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ នៅក្នុងប្រទេសកម្ពុជា បានបណ្ដាលឲ្យមានកំណើនជនរងគ្រោះ ជាអតិបរមា និងមានការខូចខាតទ្រព្យសម្បត្ដិជាច្រើន។
ដើម្បីបង្ការ និងទប់ស្ដារគ្រោះថា្នក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរដោយគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក រួមមាន៖
ទី១៖ ត្រូវពាក់មួកសុវត្ថិភាពក្នុងពេលជិះទោចក្រយានយន្ដ, ទី២៖ ត្រូវបើកបរតាមល្បឿនកំណត់, ទី៣៖ ត្រូវបើកបរមិនស្ថិតក្នុងស្ថានភាពស្រវឹង ទី៤៖ ត្រូវគោរពសិទ្ធិអាទិភាព, ទី៥៖ ត្រូវវ៉ាជែងក្នុងស្ថានភាពសុវត្ថិភាព, ទី៦៖ ត្រូវដឹកទំនិញ ឬអ្នកដំណើរតាមច្បាប់កំណត់ជាដើម និងទី៧៖ ព្រមទាំងត្រូវបើកបរ ក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច និងប្រកបដោយសីលធម៌ យោគយល់អាធ្យាស្រ័យ៕