(ភ្នំពេញ)៖ កម្ពុជា-ថៃ គ្រោងបើកកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើកទី៦ (6th JTC កម្ពុជា-ថៃ) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ នឹងផ្តោតសំខាន់ទៅលើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា។
នៅរសៀលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យលោក Jirawuth Suwanna-Arj អគ្គទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានរាជទូតថៃប្រចាំកម្ពុជា និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ។
ក្នុងឱកាសនៃការជួបសម្តែងការគួរសមនោះ លោក Jirawuth Suwanna-Arj ក៏បានជម្រាបជូនលោករដ្ឋមន្រ្តី អំពីការរៀបចំព្រឹត្តការណ៍ផ្គូរផ្គងធុរកិច្ចរវាងប្រទេសទាំងពីរក្នុងន័យបង្កើនទំហំពាណិជ្ជកម្ម និងសហប្រតិបត្តការរវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្របពេលនៃកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ផងដែរ។ ជាការឆ្លើយតបលោករដ្ឋមន្រ្តី បានស្វាគមន៍គោលបំណងក្នុងការរៀបចំព្រឹត្តការណ៍ផ្គូរផ្គងធុរកិច្ចនេះ និងលើកទឹកឲ្យការរៀបចំនេះទទួលបានជោគជ័យ។
សូមជម្រាបថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ នៅសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ក៏នឹងមានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ដែលនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងមានកិច្ចប្រជុំឧត្តមមន្រ្តី ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម នៃប្រទសទាំងពីរ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨៕