(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងខ្លាំងៗថា លោក សម រង្ស៊ី គឺជាមនុស្សបំបែកបំបាក់ជាតិ។ ជាមួយគ្នានេះសម្តេចបានព្រមានធ្ងន់ៗផងដែរថា សម្តេចនឹងមិនស្នើលើកលែងទោសឱ្យទណ្ឌិតរូបនេះ សារជាថ្មីទៀតនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យ៉ាងណាក៏ដោយ ខ្ញុំសូមប្រាប់ជាមុន ខ្ញុំមិនផ្តល់ឱកាសឱ្យអ្នកឯង (ទណ្ឌិត សម រង្ស៊ី) ថែមទៀតទេ។ លើកលែងទោសឱ្យអ្នកឯង២លើកហើយ គ្មានលើកទី៣ទៀតទេ អាធុននេះគឺធុនបំបែកបំបាក់ជាតិ»។
ការប្រកាស និងព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ការប្រកាសជំហរនេះ បានធ្វើឡើងបន្ទាប់ពីអតីតមេគណបក្សប្រឆាំងនៅកម្ពុជា បានធ្វើសកម្មភាពជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងសម្តេចតេជោ។ ជាក់ស្តែង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សម រង្ស៊ី បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter ដោយបបួលសម្តេចតេជោ ហ៊ុន សែន ធ្វើច្បាប់កំណត់មិនឱ្យនាយករដ្ឋមន្រ្តីខ្មែរ មានអាយុលើសពី៦៥ឆ្នាំ។ ស្របជាមួយគ្នានេះ ទណ្ឌិត សម រង្ស៊ី ក៏បានប្តឹងទៅកាន់ក្រុម Facebook ប្រឆាំងចំពោះការទទួលបាន ការគាំទ្រ (Like) ដ៏ច្រើននៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសកម្មភាព និងទង្វើរបស់លោក សម រង្ស៊ី ពេលនេះប្រៀបបីដូចជាមនុស្សឆ្គួតឡប់ឡែ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អ្នកឯងចង់ធ្វើអ្វីក៏ធ្វើទៅ ខ្ញុំធ្វើ កុំឡប់មកបបួល៦៥ឆ្នាំ ឈប់ទាំងអស់គ្នា។ ចុះហ្អែងអ្នកជាប់គុក រត់ចោលស្រុកសោះ មកបបួលអញ្ញជានាយករដ្ឋមន្រ្តីក្នុងតំណែងឈប់ជាមួយហ្អែងទាំងអស់គ្នា! យី អានេះខូចណាស់ ! មិនខូចទេ គឺអានេះឆ្កួតតែម្តង ហ្សែនរបស់វាឆ្កួត តែម្តង»។
សម្តេចបានបន្តថា «សុខៗមកបបួលយើងថា ៦៥ឆ្នាំឈប់ទាំងអស់គ្នា ឯងទៅណាទៅៗ ព្រាត់ប្រាស់ទៅណាក៏ទៅៗកុំមកបបួលអញទៅជាមួយ អញមិនទៅជាមួយឯងទេ ព្រោះចរិតឯងវាអញ្ចឹង។ សុខៗឥឡូវទៅប្តឹងខ្ញុំ នៅហ្វេសប៊ុក ឱ ព្រះអើយ! ចុះនៅក្នុង (Facebook) ហ្នឹងណា តើអាហ្នឹង(Like) ខ្ញុំម៉េចដឹងថាវាមកពីណា»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែល លោក សម រង្ស៊ី ដាក់ពាក្យប្តឹងទៅកាន់ក្រុមហ៊ុន Facebook បែបនេះ ដោយសារតែលោក សម រង្ស៊ី លេងហ្វេសប៊ុកចាញ់សម្តេច។ ទន្ទឹមនឹងគ្នានេះ សម្តេចនឹងយកគោនយោបាយរបស់ទណ្ឌិតរូបនេះមកអនុវត្តសងសឹកវិញ «មានស៊ីអត់សែន មានសែនអត់ស៊ី»។
សម្តេចបញ្ជាក់ថា៖ «យី ! អានេះលេងត្រឹមតែ Facebook ចាញ់គេក៏វារករឿងដែរឆ្កួតឡប់តែម្តង ហើយធ្វើនយោបាយ ដាក់ចេញគោលនយោបាយពេលណា គឺកម្ចាត់គេរហូត “មានស៊ីអត់សែន មានសែនអត់ស៊ី”។ ឥឡូវត្រូវហើយ ខ្ញុំនឹងធ្វើឱ្យដូចតែម្តង ព្រោះអ្នកឯងអត់ព្រមកែទេ ខ្ញុំបានឱ្យឱកាសអ្នកឯងច្រើនលើកច្រើនសារហើយ តែអ្នកឯងអត់កែទេ អញ្ចឹងជម្រើសដែលនៅសល់របស់ខ្ញុំ គឺខ្ញុំពង្រឹងនូវការអនុវត្តទ្រឹស្តីរបស់អ្នកឯង «មានឯងអត់អញ មានអញអត់ឯង» តែប៉ុណ្ណឹង»។
សម្តេចបានថ្លែងថា លោក សម រង្ស៊ី អាចសាកល្បងសុំទោសប្រជាពលរដ្ឋខ្មែរបាន ចំពោះកំហុសឆ្គងក្នុងការកំណត់គោលនយោបាយបំបែកបំបាក់ជាតិ និងនយោបាយកម្ចាត់របស់ខ្លួន។ ប៉ុន្តែសម្តេចក៏ព្រមានជាមុនផងដែរថា សម្តេចនឹងមិនលើកលែងទោសឱ្យលោក សម រង្ស៊ី ជាលើកទី៣ទេ។
សម្តេចបានបន្តថា «ហារស្តីឡើងកម្ចាត់គេ! ចុះសួរថា អ្នកដែលគេចង់កម្ចាត់នោះ គេទុកឱ្យខ្លួនកម្ចាត់លេងៗឬអី? ហើយជាពិសេសមនុស្សធុនខ្ញុំនេះ សុខចិត្តឈរឱ្យអ្នកឯងវ៉ៃឬ? មនុស្សធុនដូចខ្ញុំ អាពតធ្វើអីមិនបានផង ទីបំផុតអាពតងាប់រកដីកប់មិនឃើញ មេអាពតចាប់ចូលគុក ចាប់កាត់ទោសទាំងអស់ ដោយតុលាការកូនកាត់»។
សម្តេចបានរំលឹកអំពីគោលនយោបាយឈ្នះឈ្នះ រហូតរំលាយអង្គការចាត់តាំងយោធាដ៏ធំមួយរបស់ពួកប៉ុលពត និងបានឈរជើងយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជា។ សម្តេចបានបញ្ជាក់ថា៖ «គេហ៊ានធ្វើប៉ុណ្ណេះ គឺឈរនៅទីនេះយ៉ាងរឹងមាំ។ ឥឡូវសុទ្ធតែនិយាយថា «លោក ហ៊ុន សែន ឯកោហើយ នៅតែឯងហើយ គ្រាន់តែក្នុងបក្សគេមិននៅជាមួយដែរ» ចាំទៅអាពៅ គឺហ្អែងអ្នកនៅម្នាក់ឯងទេ ហ្អែងនៅប៉ារីស អញនៅមានមនុស្សដើរជាមួយច្រើនណាស់ អញទៅជាមួយកម្មករ កម្មករថើបអញចង់ងាប់ហើយ»។ «ចាំមើលចុះ នរណាងាប់មុននរណា ហ្អែងអាយុច្រើនជាងអញ ហ្អែងនឹងងាប់មុនអញ អត់បានឃើញមុខគ្នាទេ វាខូចពេក»៕