(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីពី ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នឹងរបៀបរៀបរយ តាមសាធារណៈ និងហាមមិនឲ្យអាជីវករលក់គ្រឿងផ្ទុះ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាថ្ងៃទី១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។
លោក ហាក់ ឡេង បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ដើម្បីរក្សានូវសន្តិសុខ សុវត្តិភាព និងរបៀបរៀបរយសាធារណៈ នាថ្ងៃបុណ្យប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។
រដ្ឋបាលស្រុកមណ្ឌលសីមា បានចេញសេចក្ដីណែនាំ ដល់ការិយាល័យ អង្គភាពជុំវិញស្រុក សហគមក្រុមហ៊ុនឯកជន អង្គភាពក្រៅរដ្ឋាភិបាល និងសាធារណៈជន ក្នុងស្រុកមណ្ឌលសីមា មិនឲ្យអាជីវករ ដាក់តាំងលក់រំសេវផាវ នាំឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គម និងហាមមិនឲ្យដុតកាំជ្រួចសម្លេងផ្ទុះ -ល- ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះឡើយ។
ហាមមិនឲ្យមានល្បែងស៊ីសង នៅគ្រប់កន្លែងកំសាន្តនានា ហើយការិយាល័យ អង្គភាពរោងចក្រ សហគ្រាតាមលំនៅដ្ឋានត្រូវរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ ហើយក្នុងការដុតទានធូបភ្លើងចង្ក្រាន អគ្គិសនី ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដែលអាចបង្កគ្រោះអគ្គិភ័យកើតឡើង។
លោក ហាក់ ឡេង សូមឲ្យប្រជាពលរដ្ឋ ក្នុងស្រុក ក្រៅស្រុក ចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ដើម្បីសុខភាពយើងទាំងអស់គ្នា និងដើម្បីស្រុកមណ្ឌលសីមាផងដែរ។
លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ចេះគោរពគ្នាទៅវិញទៅមក និងបើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ (ប្រហែសបាត់ប្រយ័ត្នគង់)៕