(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញទៅចែកអង្ករ ជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារបន្ថែមទៀត នៅស្រុកសណ្តាន់ ដែលជាគ្រួសារ ធ្លាប់ទទួលរងនូវគ្រោះធម្មជាតិ នាពេលកន្លងទៅ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ការចែកជូននូវអង្ករនេះ បានមកពីកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន ដែលបានដឹងពីសុខទុក្ខផ្ទាល់របស់ប្រជាពលរដ្ឋ នេះសរបញ្ជាក់ថា វាជាការគិតគូរពិតប្រាកដ ចំពោះប្រជារាស្រ្តដែល រស់នៅក្រោមដំបូលសន្តិភាព នៃការអភិវឌ្ឍ ដែលផ្តើមចេញពីសេដ្ឋកិច្ចក្នុងគ្រួសារនីមួយៗ របស់ប្រជាជន ឈានទៅរកការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅក្នុងប្រទេសស្របតាមគោល នយោបាយដឹកនាំ របស់រាជរដ្ឋាភិបាល ប្រកបដោយចក្ខុវិស័យខ្ពស់។
លោក សុខ លូ បានលើកឡើងថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការដឹកនាំ ប្រកបដោយភាពសហការខ្ពស់ ទាំងនៅក្នុងរចនាសម្ព័ន្ធក្នុងប្រទេស ក៏ដូចជានៅលើឆាក អន្តរជាតិផងដែរ ជាពិសេសនោះ ក្នុងភាពជាសមាជិកក្នុងចំណោមប្រទេសអាស៊ានទាំង១០ប្រទេស ក៏ដូចជាអាស៊ានបូកបីផងដែរ ហើយអង្ករទាំង១០តោន ក្នុងចំណោម៣២តោនដែល ចែកជូននេះ បានមកពីគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ដែលបង្ហាញពីភាពជួយគ្នាទៅវិញមក អាចឲ្យយើងទាំងអស់គ្នានិយាយបានថា ជាបងប្អូននៃសមាជិក អាស៊ាន។
បន្ថែមលើសពីនេះទៅទៀត លោកបានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ខិតខំប្រឹងប្រែង បង្កបង្កើនផលនារដូវធ្វើស្រែខាងមុខនេះ ឲ្យបានទាន់ពេលវេលា ទាំងស្រែវស្សា និងស្រែប្រាំង កុំឲ្យទឹកជំនន់ ជន់លិចដូចឆ្នាំកន្លងទៅឲ្យសោះ។ ម្យ៉ាងទៀត សូមឲ្យបង្ពូនប្រជាពលរដ្ឋទាំងអស់ដែលមានដីស្រែចំការនៅជិនប្រព័ន្ធធារាសាស្រ្ត ងាកមកដាំដុះតាមបែបកសិកម្មទំនើបវិញ កុំធ្វើស្រែតាមធម្មជាតិ ដូចពាក្យអប់រំមួយឃ្លានិយាយថា «ធ្វើស្រែប្រវះមេឃ»។
លោក សុខ លូ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពច្បាប់ចរណ៍ ដូចជាការពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរម៉ូតូ និងដាក់ខ្សែក្រវ៉ាត់នៅពេលជិះរថយន្ត ត្រូវជៀសឲ្យឆ្ងាយ ពីគ្រឿងញៀន ហើយក្នុងរដូវចូលឆ្នាំចិននាពេលខាងមុខនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងធូប ទាន ជាដើម៕