(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានមើលព័ត៌មានរបស់ Fresh News ហើយឃើញនាយកសាខាសាលាអន្ដរជាតិវេស្ទើនម្នាក់ បានចងកធ្វើអត្ដឃាតព្រោះតែជំងឺប្រចាំកាយ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានលើកឡើងថា ការសម្រេចចិត្តបញ្ចប់ជីវិតដោយខ្លួនឯង របស់នាយកសាលាអន្ដរជាតិវេស្ទើនរូបនោះ ក៏ព្រោះតែមិនចង់ឲ្យក្រុមគ្រួសារ និងសាច់ញាតិមានការលំបាកដោយសារតែខ្លួន តែការសម្រេចចិត្តនេះមិនមែនជាជម្រើសល្អនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមើលតាមការផ្សាយរបស់ Fresh News ដូចជាមាននាយកសាខាវេស្ទើនមួយ ដែលសម្រេចចិត្តធ្វើអត្ដឃាត (ដោយសារជំងឺមហារីកប្រចាំកាយ) ប៉ុន្ដែគាត់យកជម្រើសរបៀបនេះ គឺថាជាជម្រើសគួរឲ្យសោកស្ដាយៗ ដោយសារខ្លាចលំបាកប្រពន្ធ ខ្លាចលំបាកកូន ខ្លាចលំបាកឪពុកម្ដាយ ខ្លាចលំបាកបងប្អូនសុខចិត្តសម្រេចបញ្ចប់ជីវិត ដោយសារជំងឺរបស់ខ្លួន ជម្រើសរបៀបនេះមិនមែនជាជម្រើសល្អទេ យើងចូលរួមសោកស្ដាយចំពោះគ្រួសារសពផងដែរ»។
ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សូមជម្រាបថា នាយកសាខាសាលាអន្តរជាតិវេសស្ទឺនម្នាក់ មានជំងឺមហារីកពោះវៀនធំច្រើនខែមកហើយ និងព្យាបាលមិនជា ស្រាប់តែដាច់ចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន លុះពេលប្រពន្ធត្រឡប់មកពីយកនៅសាលារៀន ទើបប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
មរណភាពដោយការចងករបស់លោក លីម ប៊ុនលាង នាយកសាខាសាលាអន្តរជាតិវេស្ទើន ក្នុងវ័យ៣៨ឆ្នាំ បានបន្សល់នូវក្តីវិយោគក្តុកក្តួលរំជួលចិត្តខ្លាំងណាស់ ទៅហើយសម្រាប់ភរិយា កូន ឪពុកម្តាយ និងសាច់ញាតិ តែចុតហ្មាយរៀបរាប់ពីទំហំចិត្តនៃក្តីស្រឡាញ់ចំពោះភរិយា និងកូន ដែលជាបណ្តាំចុងក្រោយរបស់លោក បានដុតបញ្ឆេះដួងចិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ឲ្យកើតក្តីស្រណោះអានិតកាន់តែខ្លាំងថែមទៀត។
មុនចងកធ្វើអត្តឃាតលាចាកភពផែនដីដ៏ស្រស់បំព្រង ចោលប្រពន្ធកូនជាទីស្រឡាញ់ លោក ប៊ុនលាង បានបន្សល់លិខិតចំនួន៤ទំព័រ ដើម្បីផ្តាំផ្ញើដល់ភរិយា កូន ឪពុកម្តាយបង្កើត ឪពុកម្តាយក្មេង និងបងប្អូនទាំងអស់។ អក្ខរាចារទុកចុងក្រោយលាយឡំជាមួយទឹកភ្នែករាប់លានដំណក់របស់លោក ប៊ុនលាង បានធ្វើឲ្យអ្នកដែលបានអានហើយ កើតក្តីក្តុកក្តួលរំជួលចិត្តជាខ្លាំង។
ក្នុងអក្ខរានេះ លោក ប៊ុនលាង បានសារស័ព្ទបង្ហាញទំហំបេះដូងពោរពេញដោយក្តីស្រឡាញ់មហាធំធេងចំពោះឧត្តមភរិយា និងកូនស្រីជាទីស្រឡាញ់ ហើយក៏បានសុំការអធ្យាស្រ័យអភ័យទោសចំពោះភរិយា ដែលលោកមិនអាចមើលថែរហូតដល់ចាស់កោងខ្នង៕