(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានជំរុញដល់អស់លោក លោកស្រី ដែលជាប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌល សុខភាពត្រូវផ្សព្វផ្សាយ ស្តីពីការផ្តល់សេវាថែទាំសុខភាពដល់ អត្ថគាហកៈ (ពលរដ្ឋដែលទទួលបានសេវាពីរដ្ឋឥតគិតថ្លៃ) ដោយឥតបង់ថ្លៃឲ្យបានទូលំទូលាយ នៅតាមសុខាភិបាលសាធារណៈ នៅក្រោមកម្មវិធីមូលនិធិសមធម៌សុខាភិបាល និងរបបសង្គម ផ្នែកថែទាំសុខភាព នៃបេឡាជាតិរបបសន្តិសង្គមរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅសាលប្រជុំរបស់មន្ទីរ សុខាភិបាលខេត្ត ដោយមានការចូលរួមពីអនុប្រធានមន្ទីរសុខាភិបាល អស់លោក លោកស្រី ជាប្រធានមន្ទីរពេទ្យបង្អែកប្រតិបត្តិស្រុកក្រុងនិងប្រធានមណ្ឌល សុខភាពទូទាំងក្នុងខេត្តចំនួនជិត១០០នាក់។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ក៏បានលើកឡើងស្តីពីការផ្តល់សេវាថែទាំសុខភាពដល់អត្ថគាហកៈ នៅក្រោមកម្មវិធីមូលនិធិសមធម៌សុខាភិបាល ដែលត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ខណៈរបបសន្តិសុខសង្គមផ្នែកហានិភ័យ និងផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយណា ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ការងារ បាននឹងកំពុងអនុវត្តន៍ដោយបេឡាជាតិរបបសន្តិសុខសង្គម និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីរាជការសាធារណៈ អតីតយុទ្ធជន និងចាប់ផ្តើមអនុវត្តកិច្ចការងារនេះ។
ប្រធានមន្ទីរសុខាភិបាល បានលើកឡើងទៀតថា ដើម្បីលើកកម្ពស់ការផ្តល់សេវាថែទាំ និងព្យាបាលជំងឺប្រកបដោយគុណភាព ឲ្យបានកាន់តែប្រសើរឡើង ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ស្របតាមគោលការណ៍នយោបាយអភិវឌ្ឍន៍ និងកំណែទម្រង់ប្រព័ន្ធថែទាំសុខភាពសង្គម ក្នុងក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម២០១៦ ដល់២០២៥ ក្នុងនោះ៖
ទី១៖ អត្ថគាហកៈដែលទទួលបានការប្រប្រាស់សេវាថែទាំដោយឥតបង់ថ្លៃ នៅមូលដ្ឋានសុខាភិបាលសាធារណៈ នៅក្រោមកម្មវិធីមូលនិធិសមធម៌ សំដៅដល់កម្មកនិយោជិកក្រៅប្រព័ន្ធ មេភូមិ អនុភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ និងកីឡាកកីឡាការនីដែលមានប័ណ្ណមូលនិធីសមធម៌ ចេញដោយបេឡាជាតិរបបសង្គមតែប៉ុណ្ណោះ។
ទី២៖ អត្ថគាហកៈ ដែលទទួលបានការប្រើប្រាស់សេវាថែទាំសុខភាព ដោយឥតបង់ថ្លៃនៅមូលដ្ឋានសុខាភិបាលសាធារណៈ នៅក្រោមរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សំដៅដល់កម្មកនិយោជិកដែលមានប័ណ្ណសមាជិកបេឡាជាតិរបបសង្គម។
ទី៣៖ មូលដ្ឋានសុខភិបាលសាធារណៈសំដៅដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកក្រុងស្រុក មន្ទីរពេទ្យបង្អែករាជធានីខេត្ត មន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ដែលមានភារកិច្ចផ្តល់សេវាថែទាំសុខភាព។
ទី៤៖ ក្រោមកម្មវិធីមូលនិធិសមធម៌ការប្រើប្រាស់ សេវាថែទាំសុខភាពត្រូវចាប់ផ្តើមពីប៉ុស្តិ៍សុខភាព លើកលែងតែករណីត្រូវសង្គ្រោះបន្ទាន់។ ខណៈអត្ថគាហកៈ ត្រូវមានលិខិតបញ្ជូនពីមណ្ឌលសុខភាព ឬពីមន្ទីរពេទ្យពេទ្យបង្អែក បង្អែកថ្នាក់ក្រោម លើកលែងតែត្រូវធ្វើការសង្គ្រោះបន្ទាន់ក្នុងការប្រើប្រាស់សេវាថែទាំសុខភាពនៅមន្ទីពេទ្យបង្អែកក្រុងស្រុក។
នៅបញ្ចប់ពិធីប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានផ្តាំផ្ញើដល់គ្រប់មន្ទីរពេទ្យបង្អែកស្រុកក្រុង មណ្ឌលសុខភាពទូទាំងខេត្ត ត្រូវធ្វើយ៉ាងណា យកចិត្តទុកដាក់ពង្រឹង និងលើកកម្ពស់ក្រមសីលធម៌ មនសិការ វិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល ជាពិសេសភាពទទួលខុស ត្រូវរួសរាយរាក់ទាក់អាកប្បកិរិយាសមរម្យ ទទួលបានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ដែលមកទទួលសេវានៅតាមបណ្តា មន្ទីរពេទ្យនានាក្នុងខេត្ត៕