(ស្វាយរៀង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុខនេះបន្តិច នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន៩នាក់ ភាគច្រើនជាមនុស្សស្រី បាននាំគ្នាសម្អាតស្មៅនៅក្នុងចំការដំឡូង ក៏ប៉ះចំអាវុធគីមីរបស់អាមេរិក ធ្វើឲ្យមានបញ្ហាសុខភាព ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ខេត្តស្វាយរៀង។
លោក កែរ រដ្ឋា បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៩នាក់នោះរស់នៅភូមិព្រៃក្តី ឃុំគគីរ ស្រុកមាសហែក បាននាំគ្នាសម្អាតស្មៅចំការ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក៏ប៉ះចំអាវុធគីមី ដែលកន្លងមកក្រុមមន្ត្រីជំនាញរបស់ស៊ីម៉ាក់ មិនធ្លាប់បានរុករកអាវុធគីមីនៅឡើយទេ។
លោកប្រធានមន្ទីរបានបន្តថា ប្រជាពលរដ្ឋទាំង៩នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដែលមានអាការៈថប់ដង្ហើម និងរមាស់លើស្បែក៕