(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានថ្លែងស្នើឲ្យគ្រាប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវរួមគ្នារកវិធីសាស្ត្រធ្វើយ៉ាងណា ជួយបញ្ចុះថ្លៃដើម ក្នុងការផលិតស្រូវប្រជាកសិករ ដើម្បីអាចប្រកួតប្រជែង ក្នុងការនាំចេញអង្ករ ជាមួយនិងប្រទេសជិតខាង។
ជាមួយការបញ្ចុះថ្លៃដើមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ធ្វើយ៉ាងក៏ដោយមិនត្រូវបញ្ចុះតម្លៃដើមហើយ ធ្វើឲ្យប៉ះពាល់ដល់គុណភាពអង្កររបស់កម្ពុជានោះទេ ព្រោះថារសជាតិដ៏ឆ្ងាញ់របស់អង្ករកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ និងទទួលបានចំណាត់ថ្នាក់លេខ១ជាច្រើនឆ្នាំជាប់គ្នា ជាអង្ករដែលមានរសជាតិឆ្ងាញ់ជាងគេរបស់ពិភពលោក។
ការថ្លែងយ៉ាងដូច្នេះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជាង៤ពាន់នាក់ របស់សាកលវិទ្យាល័យវេស្ទីន នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អង្ករកម្ពុជាមានលក្ខណៈពិសេសមួយ គឺអង្កររបស់កម្ពុជាឆ្ងាញ់។ មេដឹកនាំរបស់ប្រទេសមួយចំនួន មិនហូបអង្កររបស់ប្រទេសខ្លួនឯងទេ គឺហូបអង្កររបស់កម្ពុជា។ ខ្ញុំមិននិយាយចំឈ្មោះប្រទេសណាទេ គឺហូបអង្ករដែលទិញពីកម្ពុជា។ ជួនកាលការផលិតអង្ករ ដែលមានគុណភាពខ្ពស់ វាអាចនាំទៅដល់តម្លៃខ្ពស់ដែរ។ ...យើងត្រូវរកវិធីយ៉ាងណា ដើម្បីឈានទៅរកកាត់បន្ថយតម្លៃ (ថ្លៃដើម) នៃការផលិតស្រូវរបស់កសិករ ដែលឈានដល់ការបន្ធូរបន្ថយអត្រាការប្រាក់ តាមរយៈនៃការសម្រួលនានា ទៅលើបញ្ហាការផ្គត់ផ្គង់ជី ផ្គត់ផ្គង់ថ្នាំសម្លាប់សត្វល្អិត ដើម្បីជួយដោះស្រាយកសិកររបស់យើង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរំលឹកជាថ្មីថា នៅឆ្នាំ២០១៧ប្រទេសកម្ពុជា បានផលិតស្រូវលើសពីតម្រូវការមិនតិចជាង៥.៥លានតោនឡើយ។
ពាក់ព័ន្ធនិងការនាំចេញអង្ករ សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា ការនាំចេញអង្ករមិនទាន់ សម្រេចបានជោគជ័យនៅឡើយនោះទេ ដោយសារបញ្ហាការប្រកួតប្រជែង ដោយតម្លៃអង្កររបស់កម្ពុជា ថ្លៃជាងតម្លៃអង្ករប្រទេសជិតខាង ដូចជាប្រទេសថៃ និងប្រទេសវៀតណាម។ ដោយសារតែតម្លៃនៅខ្ពស់បែបនេះហើយ ទើបសម្តេចតេជោ បានជំរុញឲ្យរកវិធីសាស្ត្រ ក្នុងការបញ្ចុះថ្លៃដើម សម្រាប់ផលិតស្រូវរបស់ប្រជាកសិករ។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយផលិតកម្មស្រូវ និងជំរុញនាំចេញអង្ករ កាលពីឆ្នាំ២០១១។ បន្ទាប់ពីដាក់ចេញនូវគោលនយោបាយនេះ វិស័យស្រូវអង្កររបស់កម្ពុជា បានរីកចម្រើនជាបន្តបន្ទាប់។ បើទោះបីការនាំចេញអង្ករមិនសម្រេចបានតាមគោលបំណង ១លានតោនក្នុងមួយឆ្នាំមែន តែវិស័យនេះបានរីកលូតលាស់យ៉ាងខ្លាំង។ រយៈពេល៥ឆ្នាំចុងក្រោយនេះ កម្ពុជានាំចេញអង្ករបាន២.៥លានតោន៕