(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ បានថ្លែងថា «មនុស្សចាស់ គឺជាឃ្លាំងនៃបទពិសោធន៍ ជាឃ្លាំងនៃចំណេះ ហើយពាក្យទូន្មានរបស់មនុស្សចាស់ៗ គឺជាផ្នែកមួយសម្រាប់ជាមូលដ្ឋាន ក្នុងការអប់រំសីលធម៌ ចរិយាធម៌ ក្នុងសង្គមដើម្បីអភិវឌ្ឍជាតិ ប្រកបដោយចីរភាព និងសមធម៌។ ការគោរព និងការដឹងគុណមនុស្សចាស់ គឺជាសីលធម៌ និងប្រពៃណីដ៏ល្អ ដែលមនុស្សជំនាន់ក្រោយគួរប្រតិបត្ដិ ការយកចិត្ដទុកដាក់ ជួយមនុស្សចាស់បានឆ្លុះបញ្ចាំងនូវអំពើល្អបំផុតរបស់យើង ហើយអំពើនេះ បានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ រៀនសូត្រ និងយកគំរូតាមដូច្នេះដំណើរជិវិតរបស់យើងទាំងអស់ គ្នាដែលនឹងឈាន ទៅរកវ័យចំណាស់យើង នឹងមានភាពកក់ក្ដៅនិងរស់នៅពោរពេញដោយក្ដីសង្ឃឹម»។
ការថ្លែងនេះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈដែលនាយឧត្តមសេនីយ៍ បានផ្តល់កិត្តិយសចូលជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ សមាគមមូលនិធិមនុស្សចាស់ ដែលមានសមាជិកចូលរួមជានិវត្តជន ចាស់ព្រឹទ្ធាចារ្យ និងភ្ញៀវកិត្តិយសសរុប៧០០នាក់ នៅក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនី កែ គឹមយ៉ាន បានថ្លែងសាទរដល់សមិទ្ធិផលនានា ដែលសមាគមមូលនិធិមនុស្សចាស់សម្រេចបាន ដោយបានលើកមនុស្សចាស់មានតួនាទីសំខាន់ នៅក្នុងសង្គម ជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្ដល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើន ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១៥៥៨៣ដុល្លារ ចូលមូលនិធិសមាគមមនុស្សចាស់ ខេត្តបន្ទាយមានជ័យ ថវិកាសរុបដែលសប្បុរសជនចូលគាំទ្រចំនួន ៥០០០០ដុល្លារ ដែលបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណ៨០០នាក់ ក្នុងម្នាក់ៗ ថវិកា២ម៉ឺនរៀល និងបានប្រគល់នូវប័ណ្ណសសើរថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ និងសប្បុរសជន ដែលបានបរិច្ចាគថវិកាជួយ សមាគមមូលនិធិនាពេលកន្លងមក៕