(កំពត)៖ អាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពត រហូតមកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ បានបើកប្រតិបត្តិការចុះស្ទាក់ចាប់ត្រួតពិនិត្យរថយន្តធន់ធំប្រភេទដឹកទំនិញចំនួន៣៥៩គ្រឿង ដោយរកឃើញរថយន្តចំនួន១៤គ្រឿង ដែលបានល្មើសច្បាប់ គឺតទ្រុងខុសបច្ចេកទេស ហើយត្រូវបានក្រុមការងារកាត់ចោលនៅនឹងកន្លែងតែម្តង។ នេះបើតាមអភិបាលខេត្តកំពត លោក ជាវ តាយ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។
លោកអភិបាលខេត្តបានបញ្ជាក់ថា «ចាប់តាំងពីវេលាម៉ោង០០យប់ ថ្ងៃទី១០ រហូតមកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារចម្រុះ បានអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានត្រួតពិនិត្យរថយន្ដ ចំនួន៣៥៩គ្រឿង និងរកឃើញល្មើស១៤គ្រឿង»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថាចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើ ឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែង ផងដែរបើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុងហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។
កាលពីថ្ងៃអាទិត្យទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកជាថ្មីម្តងទៀតនៅលើទំព័រ Facebook ថា អភិបាលរាជធានី-ខេត្ត ចៅហ្វាយស្រុក ចៅហ្វាយខណ្ឌ ដែលមិនព្រមចាត់វិធានការចំពោះរថយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេសទេនោះ នឹងត្រូវប្រឈមជាមួយការដកហូត តំណែងជាក់ជាមិនខាន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ចំពោះរថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង»។
សម្តេចនាយករដ្ឋមន្ត្រីបានគូសរំលេចថា រថយន្តធំៗវែងៗទាំងនោះភាគច្រើនបើកលឿននៅលើដងផ្លូវ ដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់។ មានរថយន្តសណ្តោងធំៗវែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុងក្រុងទម្លាក់ឥវ៉ាន់ចតធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។
សម្តេចតេជោ ក៏បានស្នើជនរួមជាតិចូលផ្ញើសារ (Comment) ក្នុង Facebook របស់សម្តេចពេលឃើញភាពអសកម្មចំពោះចំណាត់ការលើរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនេះផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា «ពេលនេះខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំងនោះមិនអនុវត្តន៍»៕