(ភ្នំពេញ)៖ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយយ៉ាងខ្លាំងចំពោះការធូរស្រាលនៃស្ថានការនៅឧបទ្វីបកូរ៉េ ជាពិសេសការជជែកគ្នាដោយល្អូកល្អិនរបស់មេដឹកនាំ នៃប្រទេសបងប្អូនកូរ៉េទាំងពីរនេះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រទាំងស្រុងចំពោះកាយវិការ និងសកម្មភាពដែលកូរ៉េទាំងពីរកំពុងធ្វើ ហើយសុំឲ្យប្រទេសតូចធំទាំងឡាយទាំងមហាអំណាច និងមិនមហាអំណាចកុំព្យាយាមរារាំងចំពោះកិច្ចចរចានេះ។
ការបង្ហាញជំហរគាំទ្រពេញទំហឹងចំពោះកិច្ចចរចាស្វែងរកការត្រូវរ៉ូវគ្នារបស់បងប្អូនកូរ៉េទាំងពីរនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើនជាង ៤ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការត្រូវរ៉ូវគ្នារបស់បងប្អូនកូរ៉េទាំងពីរនេះ នឹងនាំឲ្យមានស្ថានភាពស្ងប់ស្ងាត់ និងកាត់បន្ថយការគំរាមកំហែងនានាទាំងនៅក្នុងតំបន់ និងនៅលើពិភពលលោកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវការអបអរសាទរជាមួយទំនាក់ទំនង ដែលត្រូវបានកែលំអរទោះបីបានក្នុងរយៈពេលខ្លីក៏ដោយប្រសើរជាងភាពតានតឹង។ នេះជាគោលជំហរផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះសភាពការណ៍ថ្មីៗនៅឧបទ្វីបកូរ៉េ។ យើងអបអរសាទរជាមួយនឹងទំនាក់ទំនងថ្មីៗ ការស្វះស្វែងរកការសម្រុះសម្រួលថ្មីៗរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ សង្ឃឹមថា ប្រទេសនានា នឹងបន្តការលើកទឹកចិត្តឲ្យកូរ៉េទាំងពីរអនុវត្តន៍ក្នុងដំណើរឆ្ពោះទៅរកការសុះស្រួលកាត់បន្ថយនូវភាពតាន់តឹង»។
បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការមិនពេញចិត្តផងដែរ ចំពោះបណ្តាប្រទេសមួយចំនួន ដែលបាននិងកំពុងព្យាយាមរារាំងដល់កិច្ចចរចារបស់ប្រទេសកូរ៉េទាំងពីរ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ការចរចាស្វែងរកភាពត្រូវរ៉ូវគ្នា និងបញ្ចប់ជម្លោះរវាងបងប្អូនកូរ៉េ គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកូរ៉េទាំងពីរ ដែលប្រើប្រាស់ភាសាតែមួយនោះ។
សូមបញ្ជាក់ថា ស្ថានភាពឧបទ្វីបកូរ៉េដែលបានឡើងកម្តៅខ្លាំងនៅចុងឆ្នាំ២០១៧ ហើយមានការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញគ្នាផងនោះ ត្រូវបានប្រែមកជាមានភាពសភាពស្ងប់ស្ងាត់ទៅវិញនៅដើមឆ្នាំ២០១៨នេះ។ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយតាមរយៈនៃការអញ្ជើញចូលរួមការប្រកួតកីឡាកីឡាអូឡាំពិករដូវរងា ប្អូនស្រីរបស់លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង គឺអ្នកនាង គីម យូចុង បានជួបជជែកយ៉ាងច្រើនជាមួយលោក មូន ជែអ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូង។
ជំនួបរវាងប្អូនស្រីមេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំកូរ៉េខាងត្បូង បានជជែកពិភាក្សាគ្នាប្រកបដោយភាពវិជ្ជមានច្រើនទៅលើការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សារលិខិតផ្ញើជូនប្រធានាធិបតីកូរ៉េខាងត្បូង តាមរយៈប្អូនស្រីរបស់ខ្លួននោះ ប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថែមទាំងបានអញ្ជើញលោកប្រធានាធិបតី មូន ជែអ៉ីន ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងថែមទៀតផង។
នៅព្រឹកមិញតាមរយៈព័ត៌មានកូរ៉េលោក គីម ជុងអ៊ុន បានថបង្ហាញក្តីរីករាយ និងពេញចិត្តជាខ្លាំង ចំពោះកិច្ចសន្ទនារបស់លោកប្អូនស្រីលោក និងលោកប្រធានាធិបតីកូរ៉េខាងត្បូង។ លោក គីម ជុងអ៊ុន ថែមទាំងប្រកាសថា នឹងប្រឹងប្រែងផ្សះផ្សារទំនាក់ទំនងកូរ៉េទាំងពីរថែមទៀតផង៕