(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដឹកនាំការហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសកម្មជនប្រមាណ១៧០០នាក់ ដែលក្នុងនោះមានមួយចំនួនជាអតីតសមាជិក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សយុវជនកម្ពុជា។
នៅក្នុងការហែក្បួនឃោសនាបោះឆ្នោតនេះ លោកពេជ្រ ស្រស់ បានដាក់បេសកម្ម ៣ចំណុច ដើម្បីសង្រ្គោះជីវភាពរបស់ម្ចាស់ឆ្នោត ក្នុងនោះរួមមាន៖
១៖ រឹបអូសមកវិញចំពោះដីសម្បទានខុសច្បាប់ ដើម្បីផ្តល់ជូនម្ចាស់ឆ្នោតណាដែលគ្មានដី
២៖ ជំរុញឲ្យមានការអនុវត្តន៍ច្បាប់រដ្ឋធម្មនុញ្ញឲ្យបានម៉ឺងមាត់ ដើម្បីសង្រ្គោះជីវភាពម្ចាស់ឆ្នោត
៣៖ បង្កើតកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់នូវតម្លៃកសិកម្មជូនម្ចាស់ឆ្នោត។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា បេសកម្ម ៣ ចំណុចខាងលើអាចអនុវត្តបាននៅ ពេលគណបក្សយុវជនកម្ពុជាទទួលបានអាសនៈនៅក្នុងព្រឹទ្ធសភាជាតិ និងរដ្ឋសភាជាតិ។ បន្ថែមពីនេះទៅទៀត លោកបានសន្យាចំពោះមុខជន
រួមជាតិថា លោកមិនធ្វើនយោបាយតាមគន្លងអ្នកនយោបាយជើងចាស់នោះឡើយ ដោយអ្នកនយោបាយមុនៗបានដើរបោកប្រាស់ម្ចាស់ឆ្នោត ដើម្បី តែសន្លឹកឆ្នោតតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៤ បាននិងកំពុងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨៕