(បន្ទាយមានជ័យ)៖ អគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ត្រូវប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅព្រឹកថ្ងៃ ច័ន្ទ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងឲ្យលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក អ៊ំ រាសី អភិបាលរងខេត្ត បន្ទាយមានជ័យ តំណាងលោក សួន បវរ អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយជ័យ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្មអជ្ញាធរដែនដី មន្ទីរ អង្គភាពចំណុះ លោកគ្រូ អ្នកគ្រូ កងកំលាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋនិងតាជី ដូនជីយ៉ាងច្រើនកុះករ។
អគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តបន្ទាយមានជ័យ០១ខ្នង នេះ មានទទឹងប្រវែង ៩,៥០ បណ្តោយប្រវែង១៥ ម៉ែត្រ កំពស់ ២ជាន់ ស្មើនិង១០បន្ទប់។ ក្នុងនោះ មានបន្ទប់ការិយាល័យចំនួន០៩ សាលប្រជុំ ចំនួន០១ បន្ទប់ទឹកចំនួន០៣ របងប្រវែង ៧៥ម៉ែត្រ និងក្លោងទ្វារចំនួន០១ ប្រកបដោយរចនាបទខ្មែរ។
បន្ទាប់ពីលោក ញិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តបន្ទាយមានជ័យ បានឡើងធ្វើរបាយការណ៍ ស្វាគមន៍ ជាមួយនឹងការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ របស់លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចំពោះភាពរីកចម្រើនរបស់មន្ទីរ និងការលេចជារូបរាងនៃអគាររដ្ឋបាលថ្មីនេះ ព្រមទាំង របាយការណ៍របស់លោក អ៊ំ រាសី ស្តីពីស្ថានភាពទូទៅរបស់ខេត្តរួចមក លោក រដ្ឋលេខាធិការហេង សុខគង់ បានថ្លែងសំណេះសំណាល ដោយបាន ពាំនាំការសួរសុខទុក្ខ ពីសំណាក់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទមន្ទីរ ឧស្សាហកម្ម និងសិប្បកម្មទាំងអស់ ព្រមទាំងបានលើកឡើង ពីការយកចិត្តទុកដាក់ និងភាពរីកចម្រើន ផ្នែកសេដ្ឋកិច្ច កត្តាស្ថិរភាពនយោបាយ និងសុខសន្តិភាពទូទាំងប្រទេស ក្រោមការដឹកនាំដ៏វៀងវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនធ្លាប់មានរយៈពេលជាង ៥០០ឆ្នាំ នៃប្រវត្តិសាស្ត្រកម្ពុជាកន្លងមក ដែលយើងត្រូវរួមគ្នាថែរក្សា និងមោទនភាពចំពោះជាតិខ្មែរ របស់យើង ។
លោករដ្ឋលេខាធិការ បានបន្តថា វិស័យឧស្សាហកម្ម និងសិប្បកម្ម គឺជាវិស័យដ៏សំខាន់មួយ ដែលបាននឹងកំពុងរួមចំណែក ដល់ការរក្សាកំណើនសេដ្ឋកិច្ចជាតិ
សម្រេចបានក្នុងរង្វង់ ៧% នារយៈពេល៤-៥ឆ្នាំជាប់ៗគ្នាចុងក្រោយនេះ។ ទីតាំងអគាររដ្ឋបាលថ្មីនេះ គឺពិតជាផ្នែកមួយ សម្រាប់ការអនុវត្តគោលនយោបាយនេះ និងជាចំណុចទំនាក់ទំនង ជាមួយធុរជន វិនិយោគិនជាតិ អន្តរជាតិ និងជាកន្លែងផ្តល់សេវារដ្ឋបាល ដល់សាធារណជនដ៏កក់ក្តៅ និងសមរម្យ។ ជាវិធានការកែទម្រង់ការងារថ្មីៗ មួយចំនួនក្រសួង បានធ្វើប្រតិភូកម្មមុខងារ លើផ្នែកខ្លះដល់ថ្នាក់មន្ទីរ ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃការងារ ដូចជា ការងារគ្រប់គ្រងរោងចក្រ សហគ្រាសឧស្សាហកម្ម សិប្បកម្ម ការបង្កើនប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពិសេស ច្បាប់ទាក់ទងនឹងជំនាញរបស់ ក្រសួងផ្ទាល់តែម្តង ដូចជា ច្បាប់ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ច្បាប់ស្តីពីស្តង់ដារ ច្បាប់ស្តីពីមាត្រាសាស្ត្រ ជាដើម។
ក្រៅពីនេះ យើងកំពុងរៀបចំឲ្យមានច្បាប់ថ្មីមួយទៀត ស្តីពីការគ្រប់គ្រងវិស័យទឹកស្អាត។ ដោយឡែក វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្នុងខេត្តបន្ទាយមានជ័យ ដែលមានសក្តានុពល យើងមាន រោងចក្រ និងសិប្បកម្មសរុបចំនួន ១០០៣ មូលដ្ឋាន។ ចំណែកវិស័យឧស្សាហកម្ម ក្នុងខេត្តបន្ទាយមានជ័យ មកដល់ពេលនេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ០៣ (តំបន់សេដ្ឋកិច្ចពិសេសអូរនៀង សាន់កូ និងសួនឧស្សាហកម្មសិរីសោភ័ណ ភាគច្រើន ជាប្រភេទរោងចក្រកាត់ដេរសម្លៀក បំពាក់សិរីសោភ័ណ) ដែលកំពុងដំណើរការពេញលេញ ស្ថិតនៅក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ដោយមានរោងចក្រកំពុងដំណើរការសរុបចំនួន១៨រោងចក្រ ដែលកំពុងផលិតមុខទំនិញជាច្រើន មុខសម្រាប់ធ្វើការនាំចេញទៅបរទេស។
លោក ហេង សុខគង់ ឆ្លៀតយកឱកាស នេះ ធ្វើការណែនាំដល់មន្ត្រីទាំងអស់ ក៏ដូចជាអង្គភាព មន្ទីរក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម សូមឧស្សាហ៍ចុះ ពិនិត្យមូលដ្ឋានផលិតកម្ម និងសិប្បកម្ម ដើម្បីណែនាំកែលម្អសង្វាក់ផលិតកម្ម អនាម័យ ស្តង់ដារ ការលើកកម្ពស់ផលិតភាពជាតិ ស៥...ដោយហេតុថា ដំណើរការ សមាហរណកម្ម ចូលក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ចាប់ផ្តើមចូលជាធរមានតាំងពីរថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ហើយៗទំនិញ នៃបណ្តាប្រទេសអាស៊ានជិតខាងយើង ដូចជាប្រទេសថៃ និងវៀតណាម នឹងហូរចូលមកយ៉ាងគំហុក ដោយគ្មានជាប់ពន្ធគយ។ ដូច្នេះ បើយើងត្រៀមលក្ខណៈជាមុនបានល្អ យើងនឹងឈ្នះ ពុំនោះសោតទេ យើងនឹងខាតបង់ច្រើន។
ពាក់ព័ន្ធនឹងការផលិតទឹកស្អាត, ក្រសួង ក៏ដូចជាមន្ទីរ បានយកចិត្តទុកដាក់ផ្តល់នូវសេវាកម្មទឹកស្អាត ប្រកបដោយទំនុកចិត្តជូនបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តបន្ទាយមានជ័យ និងសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រ សហគ្រាសធំៗ ទាំងក្នុងក្រុង និងតាមស្រុកនានា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ជាចំបងគឺ ទឹក ប្រកបដោយគុណភាព សុវត្ថិភាព ចីរភាព និងតម្លៃសមរម្យ៕