(សៀមរាប)៖ ចៅស្រីបង្កើតដ៏គួរស្រលាញ់ចំនួន២នាក់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទទួលបានពានមាស ក្នុងកម្មវិធីប្រកួតមហោស្របសិល្បៈអាស៊ីប៉ាស៊ីហ្វិក ប្រមូលផ្ដុំសិល្បករវ័យក្មេង១០ប្រទេស មកប្រកួតនៅខេត្តសៀមរាបនាពេលថ្មីៗនេះ។
ចៅស្រីទាំង២នាក់នោះរបស់សម្ដេចតេជោ ហ៊ុន សែន គឺកុមារី ហ៊ុន ពេជ្រមុន្នីវល័្លក និងកុមារី ហ៊ុន ពេជ្រមុន្នីលីណា ត្រូវកូនស្រីរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នកំពុងតែរៀននៅសាលាដូរតន្ដ្រី និងសិល្បៈ។
នៅក្នុងកម្មវិធីនោះកុមារី ហ៊ុន ពេជ្រមុន្នីវល្ល័ក និងកុមារី ហ៊ុន ពេជ្រមុន្នីលីណា ដែលបានយកឧបរណ៍តន្ដ្រីព្យាណូចូលរួមប្រកួត រហូតទទួលបានពានមាសនោះ បានបង្ហាញផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ PNN និងថ្លែងពីការតាំងចិត្តខ្ពស់ក្នុងការខិតខំប្រឹងប្រែង ដើម្បីទទួលបានជ័យជម្នះនេះ។
កុមារី ហ៊ុន ពេជ្រមុន្នីវល្ល័ក បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ពីព្រោះខ្ញុំបានមកដល់សៀមរាប មកប្រឡងជាមួយប្រទេសច្រើនណាស់ ហើយខ្ញុំមានសង្ឃឹមថា ខ្ញុំអាចបានល្អ ប៉ុន្ដែខ្ញុំត្រូវខំប្រឹងទាំងអស់ ខ្ញុំត្រូវខំប្រឹងចេញពីបេះដូង បើខ្ញុំធ្វើអត់បានល្អ ខ្ញុំអត់បានពិន្ទុល្អទេ បើខ្ញុំធ្វើបានល្អទើបខ្ញុំបានពិន្ទុល្អ»។
ចំណែក កុមារី ហ៊ុន ពេជ្រមុន្នីលីណា បាននិយាយទាំងកាយវិការគួរដ៏គួរឲ្យស្រលាញ់ដែរថា «ថ្ងៃនេះខ្ញុំប្រឡងព្យាណូ ហើយខ្ញុំសង្ឃឹមថា ខ្ញុំទទួលបានពាន ហើយពានមួយណាក៏បានដែរឲ្យតែបាន»។
មិនខុសពីអ្វីដែលជាការរំពឹងទុក និងការខិតខំប្រែងឡើយ នៅទីបំផុតចៅស្រីបង្កើតរបស់ សម្ដេចតេជោ ហ៊ុន សែន ក៏ទទួលបានពានរង្វាន់មាស សម្រេចបំណងប្រាថ្នារបស់ពួកគេ៕