(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយកចិត្តទុកដាក់ខ្លាំងចំពោះការចាត់វិធានការទៅលើរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស។ បើទោះបីជាការអនុវត្តន៍ចំណាត់ការនេះកំពុងមានភាពសកម្មភាពយ៉ាងណាក្តីតែសម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញចម្ងល់ថា តើមន្ត្រីពាក់ព័ន្ធកំពុងតែអនុវត្តន៍ច្បាប់ ឬ អនុវត្តន៍បទបញ្ជារបស់សម្តេច។ ចម្ងល់បែបនេះ ក៏ដោយសារតែច្បាប់ចាត់វិធានការលើរថយន្តតទ្រុងនេះមានហើយហេតុអ្វីមន្ត្រីមិនអនុវត្តន៍ រង់ចាំដល់មានបទបញ្ជារបស់សម្តេចទើបអនុវត្តន៍ទៅវិញ។ សម្តេចតេជោថា ការរងចាំអនុវត្តន៍តែបទបញ្ជា មិនព្រមអនុវត្តន៍ច្បាប់ជារឿងគ្រោះថ្នាក់មួយសម្រាប់ប្រព័ន្ធគ្រប់គ្រង និងការដឹកនាំរដ្ឋ។
ការចោទសួរ និងដាក់មន្ទិលសង្ស័យទៅលើការអនុវត្តន៍ការងាររបស់មន្ត្រីរាជការនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាវេស្ទើនជាង ៤ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា គ្រប់ក្រសួងស្ថាប័នសុទ្ធតែមានច្បាប់ស្តីពីការបង្កើត និងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃស្ថាប័ននីមួយៗរួចហើយ ប៉ុន្តែមន្ត្រីបែរជាមិនព្រមអនុវត្តន៍ការងាររបស់ខ្លួន រង់ចាំតែបទបញ្ជារបស់នាយករដ្ឋមន្ត្រីទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំកំពុងគិតថា តើមន្ត្រីរបស់យើងអនុវត្តន៍ច្បាប់ ឬ អនុវត្តន៍បទបញ្ជា? ខ្ញុំកំពុងដាក់សំណួរខ្លួនឯងថា មន្ត្រីរបស់យើងនេះអនុវត្តន៍ច្បាប់ ឬ អនុវត្តន៍បទបញ្ជា។ ច្បាប់មានហើយមិនឲ្យតទេអាទ្រុងហ្នឹង ម៉េចមិនព្រមអនុវត្តន៍ចាំដល់នាយករដ្ឋមន្ត្រីបញ្ជាបាននាំគ្នាអនុវត្តន៍។ អាចំណុចនេះ គឺជាចំណុចគ្រោះថ្នាក់ណាស់សម្រាប់ប្រព័ន្ធគ្រប់គ្រងមួយ មិនមែនឲ្យអស់លោកអនុវត្តន៍បញ្ជាទេ គឺឲ្យអស់លោកអនុវត្តន៍ច្បាប់។ គ្រប់ស្ថាប័នទាំងអស់តែមានច្បាប់ស្តីពីការបង្កើតស្ថាប័ន រួចហើយមានអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃស្ថាប័ននោះ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអង្គភាពអនុវត្តន៍ច្បាប់សុទ្ធតែមានតួនាទី ដែលកំណត់ដោយច្បាប់ ប៉ុន្តែមិននាំគ្នាអនុវត្តន៍ច្បាប់នោះទេ ចាំអនុវត្តន៍បទបញ្ជានាយរដ្ឋមន្ត្រី។ រឿងនេះបើបន្តទុកស្ថានភាពបែបនេះ គឺអាក្រក់ វាមិនគួរឲ្យកើតនូវស្ថានភាពបែបនេះទេ»។
សម្តេចប្រមុខដឹកនាំរបស់កម្ពុជា បានបន្តថា «ខ្ញុំកំពុងមានចម្ងល់ថា តើមន្ត្រីតាមស្ថាប័ន មន្ត្រីអនុវត្តន៍ច្បាប់ តើអនុវត្តន៍តាមច្បាប់ ឬអនុវត្តន៍នូវបទបញ្ជា? ព្រោះនៅមុនពេលបទបញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនមិនបានធ្វើទេ ដល់ពេលមានបទបញ្ជាចាប់ផ្តើមធ្វើភ្លាម។ អ៊ីចឹងទេ មានន័យថា ស្ថាប័នជាតិរបស់យើងកំពុងអនុវត្តន៍បទបញ្ជាទេ មិនមែនអនុវត្តន៍ច្បាប់ឯណា។ បើសិនអនុវត្តន៍ច្បាប់គ្មានរឿងកើតឡើងនូវអាឡានតទ្រុងហ្នឹងទេ មិនថាតឡើង តចុះទេ។ ប៉ុន្តែទាល់តែមានបទបញ្ជាទើបនាំគ្នាធ្វើ ហើយខ្ញុំសង្ស័យដល់ពេលបទបញ្ជាហ្នឹង យូរៗខាននិយាយ ហើយច្បាប់មិនព្រមអនុវត្តន៍ អាជំងឺហ្នឹងវាត្រឡប់មកវិញ»។
បន្ទាប់ពីឃើញហានិភ័យនៃគ្រោះថ្នាក់ចរាចរលើដងវិថី និងការបំផ្លាញផ្លូវមកពីការដឹកលើសទម្ងន់របស់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ បានដាក់ចេញនូវបទបញ្ជាជាថ្មីឲ្យចាត់វិធានការដ៏តឹងរឹងបំផុតចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសទាំងនេះ។ ពោលចាប់ពីត្រឹមម៉ោង ១២៖០០នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈ គ្រប់រថយន្តតទ្រុងមិនអាចធ្វើចរាចរលើដងវិថីបានឡើយ ហើយបើធ្វើចរាចរកន្លែងណា ត្រូវចាប់កាត់កន្លែងនោះ។
ក្រោយបទបញ្ជានេះ មន្ត្រីគ្រប់លំដាប់ថ្នាក់នៅតាមរាជធានី-ខេត្ត បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំចាប់កាត់រថយន្តតទ្រុងខុសបច្ចេកទេសទាំងនោះ ហើយក៏មានម្ចាស់រថយន្តខ្លះបានយករថយន្តទៅកាន់ទ្រុងដោយខ្លួនឯងផងដែរ។ របាយការណ៍បង្ហាញគិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ មានរថយន្តកែច្នៃដាក់ទ្រុងសណ្តាងធំៗខុសបច្ចេកទេស ៨១គ្រឿង បានកាត់ទ្រុងចេញ និងរថយន្ត ៧៦គ្រឿងទៀតត្រូវបានដោះទ្រុងសណ្តោងចេញ ហើយ៣១០គ្រឿងទៀត កំពុងត្រៀមកាត់ទ្រុងចេញ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ សម្តេចតេជោ បានបញ្ជាក់ថា ប្រតិបត្តិការកាត់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មិនមានការដកថយនោះឡើយ ហើយទឹកដីណា គឺថ្នាក់ដឹកនាំនៃខេត្តនោះជាអ្នកចាត់ការមិនចាំបាច់ក្រសួងសាធារណការនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យពិនិត្យមើលយានដ្ឋានទាំងឡាយណា ដែលនៅបន្តកែច្នៃរថយន្ត ឬ តទ្រុងរថយន្តខុសច្បាប់នេះផងដែរ បើមិនគោរពតាមច្បាប់ទេ គឺបិទចោលតែម្តងទៅ៕