(ភ្នំពេញ)៖ នៅថ្ងៃទិវានៃក្ដីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់១៦៖៣០នាទីរសៀល ក្រសួងសុខភិបាល នឹងរៀបចំយុទ្ធនាការ បរិច្ចាគឈាម ដែលមានពាក្យស្លោក «ផ្តល់ឈាមផ្តល់សេចក្តីស្រលាញ់» នៅអគារមជ្ឈមណ្ឌលជាតិផ្តល់ឈាម (ខាងត្បូងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់មកអង្គភាព Fresh News នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។ តាមគម្រោង ផែនការ នឹងមានសាធារណៈជនចូលរួមចំនួន៥០០នាក់ និងមានសប្បុរសជន បរិច្ចាគឈាមចំនួន៣០០ ទៅ៥០០នាក់។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានឲ្យដឹងថា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានយកចិត្តទុកដាក់ ចំពោះចលនារបស់យុវជន សិស្ស-និស្សិតក្នុង សកម្មភាពសង្គម សកម្មភាព មនុស្សធម៌ ដូចជាការ ចូលរួមបរិច្ចាគឈាមរបស់ យុវជន សិស្ស និស្សិត និងសាធារណជនទូទៅ ក្នុងពេលកន្លងមក និងក្នុងពេលបច្ជុប្បន្ននេះ។
យុទ្ធនាការនេះ នឹងមានការអញ្ជើញចូលរួមពី លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិកាកណ្តាល និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ, ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ក្លិបនៃក្តីស្រឡាញ់ ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនទៀត។
យុទ្ធនាការនេះ គឺបានរៀបចំឡើងដោយមានការចូលរួម និងសាមគ្គីពីដៃគូសហការដូចជា សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ, សហភាពសព័ន្ធយុវជនកម្ពុជា ក្លិបនៃក្តីស្រលាញ់ សមាគមសប្បុរសជនបរិច្ចាគឈាម កម្ពុជា និងដៃគូសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមមាន៖
ក្រុមហ៊ុន វីតាល់, ក្រុមហ៊ិនភេសជ្ជៈកម្ពុជា (កូកាកុឡា), ក្រុមហ៊ុន POCARI SWEAT, ក្រុមហ៊ុន Worl Pop, ក្រុមហ៊ុន Ione, ក្រុមហ៊ុន Tous Les jours , ហាងនំបុ័ង អាស៊ីអឺរុប, CEO Master Club, មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្ត HK, មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងក្រុមហ៊ុនមួយចំនួនទៀត។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ក៏បានបន្ថែមថា «ក្នុងឆ្នាំ២០១៧ យើងបានផ្គត់ផ្គង់ឈាមប្រមាណ ៧៤៦៨៣ ប្លោកដល់មន្ទីរពេទ្យ និងអ្នកជម្ងឺទាំងអស់នៅទូទាំងប្រទេស។ តម្រូវការ ឈាមនៅរាជធានីភ្នំពេញមាន៨០% នៃការត្រូវការឈាមទាំងអស់។ ឈាមប្រមាណ ២០០ប្លោកត្រូវការជារៀងរាល់ថ្ងៃ»។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា «យើងកំពុងត្រូវការអំណោយឈាម ដោយស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ និងជម្ងឺផ្សេងៗទៀត ឲ្យបានទាន់ពេលវេលាក្នុងគ្រប់កាលៈទេសៈទាំងអស់»។
លោកវេជ្ជបណ្ឌិត ក៏បានអំពាវទៅកាន់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស សូមអញ្ជើញចូលរួមបរិច្ចាគឈាមទាំងអស់គ្នា នៅតាមមជ្ឈមណ្ឌលផ្តល់ឈាមខេត្តនីមួយៗ (នៅតាមមន្ទីរពេទ្យ ខេត្ត និងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមភ្នំពេញ ជាប់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត)។
ដើម្បីជាការចែករំលែកក្តីស្រលាញ់សម្រាប់មនុស្សជាតិទូទៅ ហើយឈាមរបស់លោកអ្នក ពិតជាបានដឹកនាំក្តីស្រលាញ់ និងសារធាតុសំខាន់ ដ៏មានតម្លៃបំផុតសម្រាប់ជីវិត ទៅជួយអ្នកជំងឺ ទាំងឡាយដែលកំពុងរង់ចាំឲ្យមានក្តីសង្ឈឹមឡើងវិញយ់ាងពិតប្រាកដ។ សំគាល់៖ សប្បុរសជនផ្តល់ឈាមក្នុងថ្ងៃពិសេសនេះ នឹងទទួលបានកាដូអនុស្សាវរីយ៍ ដ៏ស្រស់ស្អាតពីកម្មវីធី៕