(ភ្នំពេញ)៖ តំណាងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានជួបប្រជុំគ្នាពិនិត្យមើលវឌ្ឍនភាពការអនុវត្តការងារ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សានៅក្នុងការអនុវត្តតួនាទី ភារកិច្ច ដើម្បីដាក់ចូលជារបាយការណ៍នៅក្នុងសន្និបាតជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា»។
អង្គសន្និបាតនេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួមថ្លែងសុន្ទរកថាបិទសន្និបាតនេះ ដែលមានអ្នកចូលរួមជាង៣០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ចាន់ សុធា អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប), លោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
កិច្ចប្រជុំត្រូវបានរៀបចំឡើង ដោយអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការគាំទ្រថវិកាពី លេខាធិការដ្ឋាន គ.ជ.អ.ប។
សមាសភាពសរុបចូលរួមក្នុងកិច្ចប្រជុំ មានចំនួនជាង១២០រូប ក្នុងនោះគណៈកម្មាធិការប្រតិបត្តិជាតិ នៃសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ៣៤រូប, ក្រុមប្រឹក្សាជាតិសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់៧៨រូប, អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប ចំនួន១២រូប និងបុគ្គលិកអគ្គលេខាធិការដ្ឋាន សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ៩រូប៕