(ភ្នំពេញ)៖ ក្រុមហ៊ុន GRAB ក្រុមហ៊ុនផ្តល់សេវាដឹកអ្នកដំណើរ ដែលទើបមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះ បានសម្រេចដកប្រាក់ ១ដុល្លារ រាល់ការធ្វើដំណើររបស់អតិថិជនខ្លួនជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា។
ពិធីប្រកាសជាផ្លូវការនៃការដកប្រាក់អតិថិជនជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមន្ទីរពេទ្យ គន្ធបុប្ផាក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាមួយកម្មវិធីនេះ មានន័យថា រាល់ប្រជាពលរដ្ឋដែលសម្រេចចិត្តធ្វើដំណើរជាមួយក្រុមហ៊ុន GRAB គឺគាត់បានចូលរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះអាយុជីវិតរបស់កុមារកម្ពុជា។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងការកោតសរសើរដល់ក្រុមហ៊ុនតាក់ស៊ី GRAB នៅកម្ពុជា ដែលបានបង្ហាញនូវការទទួលខុសត្រូវរបស់ខ្លួនចំពោះសង្គម តាមរយៈជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផានេះ។
តំណាងក្រុមហ៊ុនបានគូសបញ្ជាក់ថា កម្មវិធីដកប្រាក់របស់អតិថិជន ១ដុល្លាររាល់ពេលការធ្វើដំណើរនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១២ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ដោយប្រើ Promo Code «KANTHA»។
សូមបញ្ជាក់ថា ក្រុមហ៊ុន Grab ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមួយជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្ដាញអ្នកបើកបរជាង ២លាននាក់ នៅទីក្រុងជាង១៥៦ ក្នុងប្រទេសចំនួន៨ នៅអាស៊ានដូចជា ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា៕