(ភ្នំពេញ)៖ នៅក្នុងសប្តាហ៍នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន បេសកកម្មក្នុងការកាពារកិត្យានុភាពរបស់រារដ្ធាភិបាលកម្ពុជា ការអប់រំ និងពន្យល់សាធារណមតិ នឹងធ្វើការផ្សព្វផ្សាយនូវសៀវភៅស កម្រាស់១៣២ទំព័រ ស្តីពី ស្ថានការណ៍នយោបាយនៅកម្ពុជា «ការពង្រឹងនីតិរដ្ឋនិងដំណើរការលទ្ធិប្រជាធិបតេយ្យ»។
សៀវភៅសនេះ ត្រូវបាន រៀបចំតាក់តែងខ្លឹមសារ និងបោះពុម្ព លើកទីមួយចំនួន ៧មឺនក្បាល (៧០.០០០)ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីចលនាបដិវត្តន៍ពណ៌ដែលដឹកនាំអនុវត្តដោយអតីត បក្សប្រឆាំងបង្កភាពចលាចល វឹកវរសង្គមនាពេលកន្លងមក ត្រូវបានរាជរដ្ឋាភិបាលបំផ្លាញចោល តាមរយៈវិធានការផ្លូវច្បាប់ដ៏តឹងរឹង។
ការទប់ស្កាត់ចលនាបដិវត្តន៍ពណ៌តាមរយៈការរំលាយអង្គការចាត់តាំងនយោបាយ ដោយវិធានការច្បាប់ ត្រូវបានពន្យល់បកស្រាយនៅក្នុងសៀវភៅសនេះយ៉ាងច្បាស់ថា គឺជាការធ្វើឡើងដើម្បីធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ។ ក្រៅពីនេះ ក៏មានការរំលេចផងដែរនូវការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការប្តេជ្ញាចិត្តបន្តដឹកនាំប្រទេសជាតិស្របតាមរដ្ឋធម្មនុញ្ញ ដោយគោរពតាមគោលការណ៍នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។ សៀវភៅសនេះ ក៍បានបញ្ជាក់ផងដែរថា បដិវត្តន៍ពណ៌មិនមែនជាការការពារ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដូចក្រុម ប្រឆាំងយកមកធ្វើអាជីវកម្មនយោបាយនោះទេ តែ គឺជាចលនាគាស់រំលើងរបបដឹកនាំដែលមិនយល់ព្រមដើរ តាមគោលនយោបាយបង្គាប់បញ្ជារបស់មហាអំណាច និងសម្ព័ន្ធមិត្ត បំរើផលប្រយោជន៍មនោគមវិជ្ជា ឥទ្ធិពលនយោបាយ និងភូមិសាស្ត្រនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។
ប៉ុន្តែចលនាបដិវត្តន៍ពណ៌ត្រូវបានបរាជ័យយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា ទោះបីជាមានការបណ្តុះបណ្តាលកម្លាំង ជួយរៀបចំកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ និងការផ្តល់មធ្យោបាយហិរញ្ញវត្ថុពីមហាអំណាច និងសម្ព័ន្ធមិត្តសម្រាប់ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ដោយមានតួអង្គចូលរួមធ្វើសកម្មភាព ជាអង្គការមិនមែនរដ្ឋាភិបាល និងស្ថានទូតបរទេសមួយចំនួនជាទីបង្អែកក៏ដោយ។
សៀវភៅសនេះ ក៏បានបង្ហាញនូវសមិទ្ធផលជាច្រើនក្នុងរយៈពេល២០ឆ្នាំចុងក្រោយដែលកម្ពុជាសម្រេចបាន ប៉ុន្តែក្រុមប្រឆាំងនៅតែមិនទទួលស្គាល់នូវសមិទ្ធផលទាំងនេះ ហើយក្រុមនេះនៅតែចោទ និងប្រឌិតរឿងបំផ្លើសការពិត ដើម្បីធ្វើឲ្យមានការយល់ច្រឡំ និងញុះញង់ បំផុសគំនិតប្រឆាំងជាមួយរាជរដ្ឋាភិបាលឥតស្រាកស្រាន្ត។ ក្រុមប្រឆាំង និងសកម្មជនរបស់ពួកគេមួយចំនួននៅតែចិញ្ចឹមមហិច្ឆតា បន្តធ្វើបដិវត្តន៍ពណ៌តទៀត តាមរូបភាពនិងទំរង់ផ្សេងៗ ដូចជាការបង្កើតចលនាឧទ្ទាមខុសច្បាប់ និងការឃោសនាទុច្ចរិតនានានៅក្នុង និងក្រៅប្រទេសជាដើម។
សៀវភៅស ស្តីពី ស្ថានការណ៍នយោបាយនៅកម្ពុជានេះផងដែរ បានគាស់រំលើងនូវឧបាយកិច្ចជាច្រើនដែលបង្កឡើងដោយក្រុមប្រឆាំង ក្នុងផែនការបំផ្លាញការបោះឆ្នោតនៅកម្ពុជា និងឈានទៅសម្រេចគោលដៅក្រោមលេសទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ ផែនការនោះត្រូវបរាជ័យ គឺបើទោះជាស្ថិតក្រោមតម្លៃណាក៏ដោយ ក៏រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេក្នុងការរៀបចំស្ថាប័នរដ្ឋ កសាងក្របខណ្ឌច្បាប់ អនុវត្តច្បាប់ ធានាសន្តិភាព និងស្ថិរភាពនយោបាយ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្ឲ្រាកដ អោយបានជាដាច់ខាត ក្នុងន័យថា «ប្រជាធិបតេយ្យដែលគ្មាននីតិរដ្ឋ គឺជាឬសគល់នៃអនាធិបតេយ្យ»។
ដោយយល់ច្បាស់អំពីតម្លៃសន្តិភាព និងការអភិវឌ្ឍ រាជរដ្ឋាភិបាលមិនអនុញ្ញាត ឲ្យជនណាម្នាក់ ឬក្រុមណាមួយធ្វើសកម្មភាពបំផ្លាញសន្តិភាព និងសមិទ្ធផលដែលសម្រេចបានដោយលំបាក ឬការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីបរទេស ដែលអាចធ្វើអោយកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមសារជាថ្មីទៀតបានឡើយ។
តាមរយៈសៀវភៅស ដែលអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនេះផងដែរ ក៏បានបង្ហាញនូវគោលជំហរឥតងាករេ របស់រាជរដ្ឋាភិបាលដែលមានភារកិច្ចគ្រប់គ្រងស្ថានការណ៍ក្នុងប្រទេស អនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងលើកតម្កើងតម្លៃនៃអំណាចរដ្ឋ ។
នៅក្នុងបរិបទនេះ រាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់មជ្ឈដ្ឋានមួយចំនួនដែលបាននិងកំពុងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា សូមឲ្យបញ្ឈប់សកម្មភាពទាំងនេះ ហើយក៏សូមស្វាគមន៍អ្នកនយោបាយ ស្ថាប័នបរទេស និងបណ្តាប្រទេសជាមិត្ត ចូលរួមគាំទ្រ និងរួមចំណែកក្នុងបុព្វហេតុកសាងមូលដ្ឋានគ្រឹះនៃការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សូមអានខ្លឹមសារទាំងស្រុង ដែលមាននៅក្នុងសៀវភៅសដូចខាងក្រោមនេះ៖