ប្រធានអូឡាំពិកអន្តរជាតិ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ត្រូវបានបញ្ចប់
12-02-2018 22:24
(សេអ៊ូល)៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach នៅថ្ងៃចន្ទនេះ បានលើកឡើងថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលប្រារព្ធឡើង នាទីក្រុង PyeongChang របស់កូរ៉េខាងត្បូង ត្រូវបានបញ្ចប់, នេះបើយោងតាមភ្នាក់ងារសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១២ ខែកុម្ភៈនេះ។
កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានដើរក្បួនរួមគ្នា ស្ថិតនៅក្រោមទង់ជាតិកូរ៉េតែមួយ នៅក្នុងព្យុហយាត្រាក្រុមអត្តពលិក នាពិធីបើកនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន។ កូរ៉េខាងជើង និងកូរ៉េខាងត្បូង ក៏បានបង្កើតកីឡាវាយកូនហ្គោលលើទឹកកក ផ្នែកស្ត្រីមួយ ដើម្បីប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា ដែលធ្វើឡើង នាទីក្រុង PyeongChang នេះ។
នៅក្នុងសុន្ទរកថា នាអំឡុពេលពិធីបើក, លោក Thomas Bach បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡានេះអាចបញ្ជូននូវ «សារដ៏មានថាមពលមួយនៃសន្តិភាពជូនទៅកាន់ពិភពលោកទាំងមូល, ភាពរួបរួមគ្នារបស់យើង គឺយើងខ្លាំងជាងកងកម្លាំងទាំងអស់ ដែលចង់បែងចែកយើង»។
គួរជម្រាបថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី២៣នេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ៕