(ប៉េកាំង, ចិន)៖ លោកបណ្ឌិត គុណ ញឹម បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមសន្និសីទពិភពលោកលើកទី១ ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន «First Global Cross-Border E-Commerce Conference» ដែលបានធ្វើឡើងចាប់ថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយមានការចូលរួមពីគណៈប្រតិភូរដ្ឋបាលគយចំនួន ១២៥ប្រទេស តំណាងវិស័យឯកជនផ្នែកពាណិជ្ជកម្មអេឡិចត្រូនិច និងអង្គការអន្តរជាតិសំខាន់ផ្សេងៗជាច្រើនទៀត សរុបប្រមាណ ១,៦០០នាក់។
ក្នុងសុន្ទរកថាបើកសន្និសីទលោក WANG YANG ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិនបានថ្លែងថា ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែនកំពុងមានការពេញនិយម និងរីកចម្រើនជាខ្លាំងនាពេលបច្ចុប្បន្ន។ លោកឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ជាពិសេសថា អង្គសន្និសីទដ៏មានសារៈសំខាន់នេះ ជាឱកាសដ៏ប្រសើរសម្រាប់អ្នកចូលរួម ដើម្បីប្រមែប្រមូលគំនិត និងវឌ្ឍនភាពចុងក្រោយពីគ្រប់ទិដ្ឋភាព ដើម្បីជំរុញការរីកចំរើនវិស័យពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែនឲ្យទទួលបានផលប្រយោជន៍ប្រកបដោយ បរិយាប័ន្ទ និងការបង្កើតវិធាន និងស្តង់ដាររួមគ្នា ដើម្បីគ្រប់គ្រងវិស័យនេះ។
ក្នុងកម្មវិធីបើក លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba ក៏បានលើកឡើងផងដែរថា ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន បាននាំមកនូវការផ្លាស់ប្តូរជាច្រើនចំពោះប្រទេសចិន និងពិភពលោក ហើយពាណិជ្ជកម្មបែបថ្មីនេះ នឹងក្លាយជារបៀបធ្វើពាណិជ្ជកម្មនៅពេលអនាគត ដែលអ្នកលក់អាចលក់ផលិតផលទៅអតិថិជនជុំវិញពិភពលោក អ្នកទិញអាចទិញពីអ្នកផ្គត់ផ្គង់ជុំវិញពិភពលោកហើយចែកចាញ និងទូទាត់ទូទាំងពិភពលោកជាពិសេសក្រុមហ៊ុនតូច និងមធ្យមនឹងទទួលបានផលប្រយោជន៍ជាច្រើនពីពាណិជ្ជកម្មបែបនេះ។
ជាការឆ្លើយតបនឹងវឌ្ឍនភាពនៃពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន លោក Kunio Mikuriya អគ្គលេខាធិការអង្គការគយពិភពលោកបានលើកឡើងថា អង្គការគយពិភពលោកបាននិងកំពុងចូលរួមគាំពារវិស័យពាណិជ្ជកម្ម អេឡិចត្រូនិចឆ្លងកាត់ព្រំដែនយ៉ាងសកម្មដោយ (១) សម្រួលនិងជំរុញការរីកចម្រើនវិស័យនេះដើម្បីធានាឲ្យបានការអភិវឌ្ឍនសេដ្ឋកិច្ច្ និងការបង្កើតថ្មី (២) ការគ្រប់គ្រងហានិភ័យដើម្បីធានាឲ្យបានសុវត្ថិភាពនិងសន្តិសុខសង្គម (៣) ការផ្លាស់ប្តូរព័ត៌មានជាមួយប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិច និង (៤) ការបង្កើតវិធាននិងស្តង់ដារដើម្បីគ្រប់គ្រង និងការប្រមូលចំណូល។
គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានអញ្ជើញទៅចូលរួមសន្និសីទស្តីពីការបង្កើតថ្មីនៃបច្ចេកវិទ្យារុករកផ្សេងៗសម្រាប់កិច្ចការសន្តិសុខ របស់ក្រុមហ៊ុន NUCTECH ប្រចាំឆ្នាំ២០១៨ ហើយក៏បានធ្វើទស្សនកិច្ចការតាំងពិពណ៌ផលិតកម្មម៉ាស៊ីនស្កែន និងឧបករណ៍រុករកផ្សេងៗរបស់ក្រុមហ៊ុនដើម្បីស្វែងយល់បន្ថែមទៀតនូវបច្ចេកវិទ្យាទំនើបចុងក្រោយនិងប្រព័ន្ធថ្មីៗ ដើម្បីគាំទ្រដល់កិច្ចការគយ និងកិច្ចការសន្តិសុខជាដើម។
ក្នុងសន្និសីទនោះលោកបណ្ឌិត គុណ ញឹម បានធ្វើបទបង្ហាញស្តីពីការប្រើប្រាស់ម៉ាស៊ីនស្កែនដោយរដ្ឋបាលគយកម្ពុជា។ លោកអគ្គនា យកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ក៏ដូចជាក្រុមហ៊ុន NUCTECH ដែលបានផ្តល់ម៉ាស៊ីនស្កែនកុងតឺន័រចំនួន ៨គ្រឿង ដែលបច្ចុប្បន្នកំពុងដាក់ឲ្យប្រើប្រាស់នៅតាមមាត់ច្រកសំខាន់ៗ ហើយបានក្លាយជាឧបករណ៍យ៉ាងសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មនិងអនុលោមភាព និងជាពិសេសបង្កើនប្រសិទ្ធិភាពនៃការប្រមូលចំណូលចូលថវិកាជាតិ។
នៅថ្ងៃចុងបញ្ចប់ គណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចការងារនៅអង្គភាពគយប្រចាំនៅកំពង់ផែសៀងហៃ ដើម្បីប្រជុំផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារគយ ជាពិសេសការប្រើប្រាស់ ម៉ាស៊ីនស្កែនក្រោមក្របខ័ណ្ឌសហប្រតិបត្តិការរដ្ឋបាលគយកម្ពុជា-ចិន៕