(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អេដវ៉ត វ៉ៃហ្សី បេសកជនពិសេសផ្នែកពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ប្រចាំកម្ពុជា ឡាវ និងវៀតណាម បានបញ្ជាក់ថា ភាគីអង់គ្លេសនឹងជួយជ្រោមជ្រែងដល់កម្ពុជា ដើម្បីសហការរៀបចំប្លង់កម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា សំដៅធ្វើយ៉ាងណាឲ្យវិស័យដ៏សំខាន់មួយនេះមានភាពល្អប្រសើរថែមទៀត។
ជំនួបពិភាក្សាការងារខាងលើនេះ ធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយក្នុងនោះលោក អេដវ៉ត វ៉ៃហ្សី បានលើកឡើងពីកង្វះខាតមួយចំនួនពាក់ព័ន្ធនឹងកម្មវិធីបណ្ដុះបណ្ដាលក្នុងវិស័យ TVET កម្ពុជា ហើយលោកក៏បានបង្ហាញពីចូលរួមក្នុងការជួយរៀបចំប្លង់កម្មវិធីបណ្ដុះបណ្ដាលជាមួយកម្ពុជា ដើម្បីកែទម្រង់កម្មវិធីសិក្សានេះឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
បំណងវិជ្ជមាននេះ ត្រូវបានលោករដ្ឋលេខាធិការ ពេជ សោភ័ន ពេញចិត្ត និងស្វាគមន៍យ៉ាងខ្លាំង ដោយលោកបានជម្រាបទៅកាន់ភាគីអង់គ្លេសវិញថា ការរៀបចំប្លង់នៃកម្មវិធីសិក្សាក្នុងវិស័យ TVET នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាទៅថ្ងៃអនាគត ព្រោះវានឹងធ្វើឲ្យកម្មវិធីសិក្សានៃ TVET ទាំងអស់ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងអន្តរជាតិ។
លោក ពេជ សោភ័ន បានបញ្ជាក់ថា ដើម្បីអាចឈានពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ទៅបាន លុះត្រាតែកម្ពុជាមានកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដែលប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈច្បាស់លាស់ សម្រាប់យកទៅអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកបន្ថែមថា រាជរដ្ឋាភិបាល រួមនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអភិវឌ្ឍគោលនយោយសំខាន់ៗមួយចំនួនដែលគាំពារដល់វិស័យ TVET រួមមាន៖
* គោលនយោបាយស្ដីពីមុខរបរ និងការងារ ២០១៥-២០២៥
* គោលនយោបាយជាតិស្ដីពី TVET ២០១៧-២០២៥
* គោលនយោបាយស្ដីពីការវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្ដល់គុណវុឌ្ឍិ
* ក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា
* ប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្ដល់គុណវុឌ្ឍិសម្រាប់កម្ពុជា
* គោនយោបាយស្ដីពីការចុះកម្មសិក្សា៕