(សៀមរាប)៖ សិក្ខាកាម២២នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមន្ត្រីជំនាញមកពីអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ចប់វគ្គសិក្សាអំពីការរៀបចំផែនការមេ នៃសំណង់ប្រាសាទបុរាណក្នុងតំបន់អង្គរ។
វគ្គសិក្សានេះបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ និងបញ្ចប់នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ បង្រៀនដោយលោកសាស្រ្តាចារ្យ ជនជាតិបារាំង Jean-Christophe SIMON អ្នកជំនាញផ្នែកស្ថាបត្យកម្មបេតិកភណ្ឌ។
ថ្លែងក្នុងពិធីបិទវគ្គនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ លោកសាស្ត្រាចារ្យ Jean-Christophe SIMON បានឱ្យដឹងថា វគ្គសិក្សានេះធ្វើឡើងក្នុងបំណងពង្រឹងការធ្វើការងារជាក្រុម និងការចែករំលែកព័ត៌មាន ដើម្បីរៀបចំឯកសារផែនការមេដែលជារឿងដ៏មានសារសំខាន់ សម្រាប់ការរៀបចំផែនការអភិរក្សប្រាសាទ និងអភិវឌ្ឍន៍រមណីយដ្ឋាន។ លើសពីនោះទៀត វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឱ្យកាន់តែប្រសើរនូវការអភិរក្សប្រាសាទ តាមរយៈការវិភាគពីផលប៉ះពាល់លើសម្ភារសំណង់ រៀបចំគោលនយោបាយសម្រាប់ទេសចរណ៍ ដើម្បីអាចទទួលបានសេវាចាំបាច់មួយចំនួន និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលរស់នៅក្នុងតំបន់នោះ។
លោកសាស្ត្រាចារ្យបន្តទៀតថា ក្នុងការសិក្សាគឺផ្តោតសំខាន់លើទ្រឹស្តីផង និងការអនុវត្តតាមទីតាំងជាក់ស្តែងផង ទៅលើគោលដៅ២កន្លែង គឺប្រាសាទបាគង និងប្រាសាទព្រះគោ ដោយបែងចែកសិក្ខាកាមជា៣ក្រុម គឺក្រុមទី១ សិក្សាអំពីការខូចខាតរបស់ប្រាសាទ ក្រុមទី២ សិក្សាអំពីជីវភាពសហគមន៍នៅជុំវិញប្រាសាទ និងក្រុមទី៣ សិក្សាអំពីទេសភាពវប្បធម៌ក្នុងតំបន់។
លោក សយ សុភារិន្ទ បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានលើកឡើងថា ក្រុមលោកបានសិក្សាអំពីរចនាសម្ព័ន្ធប្រាសាទព្រះគោ ដោយសង្កេតរកមូលហេតុនៃការពុកផុយ ការបាក់ស្រុត និងការបំផ្លាញដោយកត្តាផ្សេងៗមកលើថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ។ សិក្សាលើកត្តាទឹកដែលនៅជុំវិញប្រាសាទ ឬទឹកដក់នៅតាមប្រាសាទ និងសិក្សាការប៉ះពាល់បណ្តាលមកពីរុក្ខជាតិ ដែលដុះតាមប្រាសាទ និងរិះរកវិធីសាស្រ្ត ដើម្បីកាត់បន្ថយការបំផ្លាញ ហើយរកដំណោះស្រាយជាបន្ទាន់ ដើម្បីស្រោចស្រង់ និងរៀបចំផែនការមេសម្រាប់ជួសជុល។
លោក រ៉េត សុផល បុគ្គលិកនាយកដ្ឋានអភិវឌ្ឍន៍ វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ តំណាងឱ្យក្រុមទី២ បានឱ្យដឹងថា ក្រុមលោកបានបែងចែកជា២សំខាន់ គឺសកម្មភាពសហគមន៍បម្រើផលប្រយោជន៍ឱ្យសហគមន៍ និងសកម្មភាពសហគមន៍បម្រើផលប្រយោជន៍ឱ្យវិស័យទេសចរណ៍។ ក្រុមនេះសិក្សាអំពីមុខរបរ ការដាំដុះសម្រាប់គ្រួសារ និងលក់ទៅលើទីផ្សារ រួមទាំងសកម្មភាពមួយចំនួនទៀតដូចជាតម្បាញ ចម្លាក់ អាហារដ្ឋានសម្រាប់បម្រើភ្ញៀវទេសចរ ដើម្បីរកចំណូលបន្ថែម។
លោក សុខ សូសិលា បុគ្គលិកបច្ចេកទេស នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ ក៏បានលើកឡើងដែរ ក្រុមលោកសិក្សាអំពីទេសភាពវប្បធម៌ ផ្តោតសំខាន់ទៅលើតំបន់ជុំវិញទាំងមូល មានប្រភេទដើមឈើ សំណង់ផ្ទះប្រជាជន ផ្ទះបុរាណ សម្ភារសំណង់ និងរបងដែលសង់អំពីបង្គោលឈើ ឬថ្មជាដើម ដើម្បីធ្វើយ៉ាងណាជៀសវាងការប៉ះពាល់តម្លៃលេចធ្លោរបស់ប្រាសាទ។
គួររំឭកដែរថា នេះជាលើកទី២ហើយដែលអាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលរបៀបនេះឡើងដល់អ្នកជំនាញខ្មែរ ឱ្យកាន់តែមានភាពប្រសើរឡើងក្នុងជំនាញរបស់ខ្លួន លើវិស័យបេតិកភណ្ឌ។ សិក្ខាកាមក៏សំណូមពរដល់ថ្នាក់ដឹកឱ្យរៀបចំវគ្គបណ្តុះបណ្តាលនេះជាបន្តទៅទៀត ដោយមានគ្រូបង្គោលទាំងខ្មែរ និងបរទេស មកបង្ហាត់បង្ហាញធ្វើឱ្យពួកគាត់ទទួលចំណេះដឹងថ្មីៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងប្រាសាទ និងការគ្រប់គ្រងរមណីយដ្ឋានទាំងមូល៕