(ភ្នំពេញ)៖ អង្គការមូលនិធិកុមារកម្ពុជា និងសាលាភាពជាអ្នកដឹកនាំឡាយហ្គឺ ដែលមានទីតាំងនៅប្រទេសកម្ពុជា ទទួលបានការ ផ្តល់អាហារូបករណ៍ ពី៥០-១០០% ឲ្យសិក្សាកម្មវិធី « Money Tree» ផ្តោតសំខាន់ លើចំណេះដឹងផ្នែកហិរញ្ញាវត្ថុ។ កម្មវិធី « Money Tree» ជាកម្មវិធីអប់រំផ្នែកហិរញ្ញាវត្ថុតែមួយគត់ ដែលឈានមុខគេ ក្នុងតំបន់អាស៊ី ដែលមានការទទួលស្គាល់ពី ស្ថាប័នអន្តរជាតិមួយចំនួន។

ការប្រកាសនេះ បានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មានស្តីពី ការផ្តល់អាហារូបករណ៍៥០ភាគរយ ទៅ១០០ភាគរយ ទៅដល់ សិស្សានុសិស្ស នៃអង្គការមូលនិធិកុមារកម្ពុជា និងសាលាភាពជាអ្នកដឹកនាំឡាយហ្គឺ ដើម្បីសិក្សាចំណេះដឹងផ្នែកហិរញ្ញាវត្ថុ កម្មវិធី «Money Tree ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់អង្គការមូលនិធិកុមារកម្ពុជា សាលាភាពជាអ្នកដឹកនាំឡាយហ្គឺ និងក្រុមហ៊ុន Money Tree អាស៊ីប៉ាស៊ីហ្វិក នៅសាលានីសិនគ្រីបអាខាដឺមី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

កម្មវិធីថ្មីស្រឡាងនេះ បានបង្កើតឡើងឲ្យសិស្សានុសិស្ស មានភាពរីករាយក្នុងការសិក្សា ដោយការរៀនតាមរយៈ ការលេង « Learn Through Play» ដែលក្នុងកម្មវិធីនេះ បានបង្កើតឲ្យមាន សេដ្ឋកិច្ចខ្នាតតូច មួយសម្រាប់សិស្សអនុវត្តផ្ទាល់ ដូចជា បង្កើតឲ្យមានលុយ ជារបស់ Money Tree (Money Treeដុល្លារ) ការងារផ្សេងៗ កាតឥណទានជាដើម។

ក្រៅពីនោះ កម្មវិធី « Money Tree» ក៏ជាកម្មវិធីអប់រំដែលផ្តល់ នូវចំណេះដឹង ផ្នែកហិរញ្ញាវត្ថុដល់កុមារ និងមនុស្សវ័យជំទង់ (៦ឆ្នាំ ដល់១៧ឆ្នាំ) ដើម្បីឲ្យពួកគេ មានអនាគតល្អ លើផ្នែកហិរញ្ញាវត្ថុនាពេលអនាគត។

នាពេលបច្ចុប្បន្ននេះ នៅប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី កម្មវិធីអប់រំ លើផ្នែកហិរញ្ញាវត្ថុ របស់ Money Treeនេះ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារួចមកហើយ ដែលមាន១៨០សាលា ក្នុងចំណោម៣៥០សាលារដ្ឋ ក្នុងប្រទេសសិង្ហបុរី កំពុងបង្រៀនកម្មវិធីរបស់ « Money Tree» និងក្នុងប្រទេសម៉ាឡេស៊ី មានប្រមាណ៨០០សាលា ក្នុងចំណោម ប្រមាណ ៧ពាន់សាលា ក៏កំពុងតែបង្រៀនកម្មវិធី « Money Treeផងដែរ។

គួរបញ្ជាក់ថា កម្មវិធី« Money Tree» ទទួលបានសិទ្ធិផ្តាច់មុខក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន learning Vision Cambodia ដែលចុះបញ្ចីពាណិជ្ជកម្មនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ អង្គការមូលនិធិកុមារកម្ពុជា និងសាលាភាពជាអ្នកដឹកនាំ ឡាយហ្គឺ វាបដាក់បញ្ចូលកម្មវិធី « Money Tree» ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនចាប់តាំងពីឆ្នាំសិក្សា ២០១៧ និង២០១៨ ដែលបានទទួលអាហារូបករណ៍ ៥០ភាគរយ និង១០០ភាគរយ ពីក្រុមហ៊ុន « Money Tree» ដែលជាការចូលរួមចំណែក លើកស្ទួយវិស័យអប់រំនៅកម្ពុជា៕