(ភ្នំពេញ)៖ នៅថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានវត្តមានចូលរួមរបស់ អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកប្រធាន-អនុប្រធានទីចាត់ការពន្ធដារ រាជធានីភ្នំពេញ លោកនាយក-នាយករងសាលាជាតិពន្ធដារ លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្រោមចំណុះ របស់អគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល បានបង្ហាញលទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានក្នុងខែមករា ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ-Online) មានចំនួន ៦៧៦,៩២៥.២៤ លានរៀល (ប្រមាណជា ១៦៩.២៣លានដុល្លារអាមេរិក) ស្មើនឹង១០៥.៥៨% នៃផែនការប្រចាំខែមករា ឆ្នាំ២០១៨ ដែលកំណត់ដោយច្បាប់។ ប្រសិនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ ប្រភេទមានការកើនឡើងចំនួន ៦២,០៤២.៥៦ លានរៀល (ប្រមាណ ១៥.៥១លានដុល្លារ) ស្មើនឹង១០.៨១%។
លោក គង់ វិបុល បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់នាយកដ្ឋានថ្នាក់កណ្តាល និងគ្រប់សាខាពន្ធដារខេត្ត-ខណ្ឌ ក្នុងការចូលរួមប្រមូលចំណូលពន្ធបានគ្រប់ និងលើសផែនការកំណត់ ដោយច្បាប់ក្នុងខែមករានេះ។
ក្នុងឪកាសនេះដែរ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធឲ្យបានគ្រប់តាមផែនការ ច្បាប់ចំនួន ៧ ៦៩៣.៥០ពាន់លានរៀល (ប្រមាណជា ១,៩២៣,៣៨ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម៖
* បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម របស់រាជរដ្ឋាភិបាល ឆ្នាំ២០១៤-២០១៨។
* បន្តនិងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងគោលដៅពង្រឹង ការគ្រប់គ្រងប្រមូលចំណូលពន្ធ។
* ជំរុញគ្រប់អង្គភាពប្រមូលចំណូល ជាពិសេស សាខាពន្ធដារខេត្ត-ខណ្ឌត្រូវពង្រឹងការគ្រប់គ្រងការប្រមូលបំណុលពន្ធ និងតាមដានការបង់សង់នូវបំណុលពន្ធជាដំណាក់កាល។
* សិក្សាទិដ្ឋភាពច្បាប់ ដើម្បីពិនិត្យមើលឡើងវិញនូវនីតិវិធី និងរយៈពេល នៃការធ្វើសវនកម្មលើសហគ្រាស ដើម្បីធានាគុណភាព ប្រសិទ្ធិភាព និងតម្លាភាពនៃការកំណត់ពន្ធឡើងវិញ និងចៀសវាងនូវបន្ទុកធ្ងន់ធ្ងរដល់អ្នកជាប់ពន្ធ។
* បន្តពង្រឹងការអនុវត្តច្បាប់ក្នុងចំណោមអ្នកជាប់ពន្ធគ្រប់ប្រភេទ ជាពិសេស ពង្រឹងការធ្វើសវនកម្មលើសហគ្រាស ដែលមានហានីភ័យខ្ពស់ ដែលព្យាយាមគេចវេះកាតព្វកិច្ចបង់ពន្ធ។
* រៀបចំកែសម្រួលនិងធ្វើឱ្យប្រសើរឡើង នូវយន្តការបង្វិលសងអាករលើតម្លៃបន្ថែម ព្រមទាំងយកចិត្តទុកដាក់ ក្នុងការការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម និងការដាក់លិខិតប្រកាស។
* បន្តពង្រឹងចាត់វិធានការ និងធ្វើការស៊ើបអង្កេតរាល់បទល្មើសពន្ធដារ ការគេចវេះពន្ធគ្រប់រូបភាព ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបន្ថែម សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ពន្ធ ចំពោះក្រុមហ៊ុនដែលប្រកាសបង់ពន្ធមិនស្មោះត្រង់ ឬគេចវេះពន្ធតាមគ្រប់រូបភាព ជាពិសេស សហគ្រាសដែលមានហានីភ័យខ្ពស់។
* បន្តពង្រឹងនិងជំរុញការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន សហគ្រាសឱ្យកាន់តែប្រសើរឡើងថែមទៀត។
* ផ្ដល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មានអចលនទ្រព្យ ដល់ទីតាំង របស់ម្ចាស់អចលនទ្រព្យ ទាំងអស់ក្នុងរាជធានីភ្នំពេញ ព្រមទាំងធ្វើការផ្សព្វផ្សាយ ពីបទប្បញ្ញាត្តិស្ដីពីពន្ធដារ ការផ្ដល់សេវាចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មាន អចលនទ្រព្យ ព្រមទាំងសេវាពន្ធដារផ្សេងទៀត ជូនម្ចាស់អចលនទ្រព្យគ្រប់រូបឲ្យបានកាន់តែល្អប្រសើរ។
* រៀបចំសិក្ខាសាលាបណ្តុះបណ្តាលធនធានមន្ត្រីសាខាពន្ធដារខេត្ត-ខណ្ឌ លើការងារសនវកម្ម ព្រមទាំងបន្តពង្រឹងអភិបាលកិច្ចល្អ កែប្រែផ្តត់គំនិតរបស់មន្ត្រីពន្ធដារឲ្យក្លាយជាអ្នកបម្រើសេវាជូនអ្នកជាប់ពន្ធបានល្អ ក្លាយជាមន្ត្រីដែលពោរពេញដោយសមត្ថភាព ជំនាញ និងទេពកោសល្យ ស្មោះត្រង់ មានភាពម្ចាស់ការ ព្រមទាំងមានមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការបំពេញភារកិច្ចការងារ និង បន្តលើកកម្ពស់បញ្ជ្រាបវប្បធម៌ពន្ធដារ និងការពង្រឹងការអនុវត្តច្បាប់ ស្តីពីសារពើពន្ធ ក្នុងចំណោមធុរៈជន គ្រប់មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធពន្ធដារកម្ពុជា។
* បន្តជំរុញអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់សំខាន់ៗដើម្បីបង្កើនប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ឱ្យកាន់តែមានគុណភាពខ្ពស់ រហ័ស ងាយស្រួល ធ្វើយ៉ាងណាឲ្យរដ្ឋបាលពន្ធដារ ក្លាយជាស្ថាប័នរដ្ឋដែលទទួលបាននូវជំនឿចិត្តខ្ពស់ ពីសាធារណជនគ្រប់មជ្ឈដ្ឋាន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។
* បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដោយអភិវឌ្ឍគ្រប់គ្រងការប្រមូលពន្ធ តាមបច្ចេកវិទ្យាព័ត៌មាន។
លោក គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនេះគឺជាជោគជ័យរួមរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការសម្រេចបាននូវលទ្ធផលនៃការប្រមូលចំណូលពន្ធសម្រេចបានផ្លែផ្កាយ៉ាងត្រចេះត្រចង់។
ទន្ទឹងមនឹងគ្នានេះ លោក ក៏បានណែនាំបន្ថែមដល់គ្រប់អង្គភាព អោយបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ អោយអ្នកជាប់ពន្ធរីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមាឬមិនអោយអ្នកជាប់ពន្ធមានការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមការងារ «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់»៕