(ភ្នំពេញ)៖ នៅទីបំផុតក្រសួងពាណិជ្ជកម្ម បានរកឃើញបេក្ខជនជ័យលាភីផ្នែកប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័តហើយ បន្ទាប់ពីបានដាក់ឲ្យដំណើរការកម្មវិធីនេះ នៅក្នុង Play Store នៃប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេលជិត ៣ខែ ដើម្បីសាធារណជន អាចតាមដានរាល់សេចក្តីជូនដំណឹង និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅក្នុងក្រសួងពាណិជ្ជកម្ម។
បេក្ខជនជ័យលាភីលើកដំបូងនេះ មានឈ្មោះ កៅ ដូច ជាប្រជាពលរដ្ឋ ដែលបានប្រើប្រាស់កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័តច្រើនជាងគេ ដោយក្នុងនោះលោកមិនត្រឹមតែចូលទៅមើលគ្រប់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបានចុច Like និងចែករំលែកស្ទើរគ្រប់ព័ត៌មានទាំងអស់ នៅលើកម្មវិធីបណ្តាញសង្គមហ្វេសប៊ុកថែមទៀត។
ដើម្បីថ្លែងអំណរគុណដល់ លោក កៅ ដូច នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រគល់រង្វាន់លើកទឹកចិត្តមួយចំនួនដល់លោក កៅ ដូច និងបានអំពាវនាវដល់សាធារណជន ធ្វើការទាញយកកម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ទៅប្រើប្រាស់ឲ្យបានគ្រប់ៗគ្នា ដើម្បីមានឱកាសឈ្នះរង្វាន់លើកទឹកចិត្តគ្រប់ៗគ្នា។
សូមបញ្ជាក់ថា កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មតាមទូរស័ព្ទចល័ត គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈរបស់ក្រសួង ដើម្បីជំរុញលំហូរព័ត៌មាន ទៅដល់ដៃសាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ដើម្បីសម្រួលដល់ការប្រើប្រាស់របស់សាធារណជន ឥឡូវនេះមន្ត្រីបច្ចេកទេសរបស់ក្រសួង បានដាក់បញ្ចូលកម្មវិធីនេះនៅលើប្រព័ន្ធប្រតិបត្តិការ iOS ថែមទៀត ដូច្នេះមិនថាលោកអ្នកប្រើប្រាស់ទូរស័ព្ទចល័តប្រភេទអ្វី ក៏អាចទាញយក និងតម្លើងកម្មវិធីព័ត៌មាននេះបានដែរ ដោយគ្រាន់តែចូលទៅកាន់កម្មវិធី App Store សម្រាប់អ្នកប្រើ iPhone ឬ Play Store សម្រាប់អ្នកប្រើ Android រួចស្វែងរកពាក្យ «Ministry of Commerce Cambodia» ដើម្បីធ្វើការដោនឡូន និងតម្លើងជាការស្រេច៕