(សៀមរាប)៖ សាខាកាកបាទក្រហមខេត្តសៀមរាប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា និងប្រកាសទទួលស្គាល់យុវជនកាកបាទក្រហម សរុប១១២នាក់ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន អង្គរធំ។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមវត្តមានលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង និងលោកស្រី មាស សន ជា ម៉ន អនុប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រី គួយ ណាលីន បានលើកឡើងថា កាកបាទក្រហមកម្ពុជា ជាសមាគមជាតិតែមួយគត់នៅក្នុងប្រទេស ជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ហើយអាចបំពេញការដោយជោគជ័យបាន ក៏អាស្រ័យដោយមានអ្នកស្ម័គ្រចិត្ត៣ប្រភេទគឺ៖
ទី១៖ អ្នកស្ម័គ្រចិត្តក្នុងជួរគណៈអភិបាល (គណៈកិត្តិយស គណៈកម្មាធិការ), ទី២៖ អ្នកស្ម័គ្រចិត្តក្នុងសហគមន៍ ដែលបាននិងកំពុងបំពេញភារកិច្ច យ៉ាងសកម្មជាប្រយោជន៍ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ និងទី៣៖ យុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា។
ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយ ដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម»៕