(ភ្នំពេញ)៖ ដេប៉ូលក់ប្រេងឥន្ធនៈចំនួនពីរកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ គឺដេប៉ូ «TELA សា គ្រី 888» និង ដេប៉ូ «SOKIMEX ប្រេងឥន្ធនៈព្រែកឯង» នៅតែបន្តលក់ប្រេងមិនគ្រប់ចំណុះតាមកុងទ័រ និងបន្លំគុណភាពប្រេងមិនព្រមកែប្រែតាមការណែនាំរបស់មន្ត្រីកាំកុងត្រូលនោះឡើយ។
ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយលោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួនដែលធ្លាប់ធើ្វកិច្ចសន្យា ក្នុងការត្រួតពិនិត្យដំបូងរួចមកហើយ នៅខណ្ឌច្បារអំពៅ ក្នុងគោលបំណងតាមដានរកភាពអនុលោមទៅតាមការកែតម្រូវឲ្យសមស្របតាមបទដ្ឋាន និងផ្លូវច្បាប់។
ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។
ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូដែលធ្លាប់មានបញ្ហាកង្វះរង្វាស់រង្វាល់ និងបន្លំគុណភាពប្រេងឥន្ធនៈទាំង០៤កន្លែង ឃើញថាមាន ០២ កន្លែង បានកែតម្រូវត្រឹមត្រូវតាមអនុលោមភាព។ ចំណែកឯ០២កន្លែងទៀត មានភាពរឹងរុសមិនព្រមកែតម្រូវ ទី១៖ ដេប៉ូ TELA សា គ្រី 888 ដែលមានទីតាំងនៅលើផ្លូវជាតិលេខ១ សង្កាត់បឹងឈូក ខណ្ឌច្បារអំពៅ ដែលមានម្ចាស់ឈ្មោះ ឡេង សាគ្រី និងទី២៖ ដេប៉ូ SOKIMEX (ប្រេងឥន្ធនៈព្រែកឯង) ដែលមានទីតាំងផ្ទះលេខ១៤១ ផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលមានម្ចាស់ឈ្មោះ ទៀង សុផល។
លោក មាន ចំណាប់ បានឲ្យដឹងថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ បានរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដើម្បីពិចារណា ចំពោះម្ចាស់ស្ថានីយ ដេប៉ូដែលមិនព្រមកែតម្រូវ អំពីការព្យួរអាជ្ញាប័ណ្ណធើ្វអាជីវកម្មប្រចាំឆ្នាំបញ្ឈប់ការធ្វើអាជីវកម្មតែម្តង។
លោក ចំណាប់ បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ នៅក្នុងប្រទេសកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ទៅតាមផ្លូវច្បាប់។
លោកក៏បានអំពាវនាវដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យ ជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃលេខកុងទ័រ ដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដាន សេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈ របស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាព ជាយថាហេតុណាមួយ៕