(រតនគិរី)៖ ក្មេងតូចអាយុ១១ខែ បន្ទាប់ពីអាណាព្យាបាល យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានចំនួន៤ថ្ងៃ ក៏បានស្លាប់នៅវេលាម៉ោងប្រមាណ១៤៖១០ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ បើតាមលោក ហេង រស្មី និងប្រពន្ធ ទិត្យ ស្រីលាភ បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះ។
អាណាព្យាបាលថា កូនគាត់មានជំងឺរាកប្រមាណ១០ថ្ងៃមកហើយ ប៉ុន្តែមិនយកមន្ទីរពេទ្យរដ្ឋទេ គឺយកទៅឲ្យពេទ្យឯកជន នៅស្រុកកូនមុំ ដើម្បីព្យាបាលតែមិនធូរស្រាលនោះទេ ទើបដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី (បន្ទប់សង្គ្រោះបន្ទាន់) ចំនួន៤ថ្ងៃ។
ឪពុកម្តាយទាំង២នាក់នេះ បានបន្តថា ស្ថានភាពជំងឺធូរស្រាលអាចបញ្ចុកបបរ៤-៥កូនស្លាបព្រា តែនៅថ្ងៃនេះ កូនរបស់ពួកគាត់ ត្រូវបានគ្រូពេទ្យប្តូរឲ្យទៅសម្រាកនៅសាលខាងក្រោយ ក្នុងកំឡុងម៉ោងជិត១៤រសៀល ស្រាប់តែមានស្ថានភាពខុសប្រក្រតី ពោលភ្នែកឡើងស ដកចង្ការមាន់ ក៏ប្រញាប់រួសរាន់ហៅគ្រូពេទ្យព្យួរសេរ៉ួម។
ពេលគ្រូពេទ្យមកដល់ ក៏បញ្ច្រកថ្នាំ២ចំហៀង ស្រាប់តែដាច់ស្លាប់តែម្តង។ ទាក់ទិននឹងករណីខាងលើនេះ លោកវេជ្ជបណ្ឌិត ហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះយ៉ាងខ្លីថា «កូនង៉ែតនោះ មានសភាពធ្ងន់ធ្ងរពោល គឺមិនអាចសង្គ្រោះបានរួចបិទទូរស័ព្ទតែម្តង»៕