(ភ្នំពេញ)៖ លោកស្រី ម៉ានីកា ចេន (Manika jain) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានថ្លែងថា រដ្ឋាភិបាលឥណ្ឌានឹងបន្ដផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត មន្ត្រីរាជការ និងជួយជួសជុល ប្រាសាទតាព្រហ្ម ព្រមទាំងបន្ដផ្ដល់ប្រាក់កម្ចីឥណ្ឌទាននានា ដើម្បីអភិវឌ្ឍន៍ពិសេសបន្ដ ផ្ដល់បទពិសោធន៍ផ្នែកធនធានមនុស្ស និងអធិការកិច្ច។ នេះជាការថ្លែងបញ្ជាក់របស់លោកស្រី ម៉ានីកា ចេន ក្នុងជំនួបជាមួយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច ខណៈលោកស្រីត្រូវ បានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា «កម្ពុជា-ឥណ្ឌា នឹងបង្កើនការសហការជាមួយគ្នាបន្ថែមទៀត លើវិស័យវប្បធម៌ ជំនឿសាសនា ពាណិជ្ជកម្ម។ ឥណ្ឌាគឺជាដៃគូរកិច្ចសហប្រតិបត្ដិការយ៉ាងសំខាន់ ក្នុងក្របខណ្ឌតំបន់សមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ ដោយឡែក ជាមួយកម្ពុជាមានទំនាក់ទំនងពិសេស តាំងពីបុរាណកាល បន្តដល់បច្ចុប្បន្ន និងពេលអនាគត។ កម្ពុជា-ឥណ្ឌា មានប្រវត្តិសាស្រ្តស្រដៀងគ្នា ដូចជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យពហុបក្ស ប្រកាន់ខ្ជាប់ចលនាមិនចូលបក្សសម័ន្ធ ធ្លាប់ទទួលរងការជិះជាន់ពីរបប អាណានិគម និងបានតស៊ូ ដណ្តើមឯករាជ្យ ពីអាណានិគមដូចគ្នា និងមាន វប្បធម៌ ប្រពៃណីមួយផ្នែកធំប្រហាក់ប្រហែលគ្នា»។

លោកស្រី ម៉ែន សំអន បានបន្ថែមថា ឥណ្ឌាបានផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសប្បទានជាច្រើន គម្រោងសម្រាប់ការអភិវឌ្ឍដល់កម្ពុជា ដែលរួមចំណែកជាកម្លាំងចលករជួយជំរុញល្បឿន ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឲ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។ ការរីកចម្រើនរបស់កម្ពុជា ពុំអាចកាត់ផ្តាច់ ពីការជួយឧបត្ថម្ភគាំទ្ររបស់ឥណ្ឌាបានឡើយ។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានរំលឹកថា ដោយសារទំនាក់ទំនងដ៏ល្អនេះ ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅឥណ្ឌាកាលពីថ្ងៃទី២៤-២៧ ខែមករា ឆ្នាំ២០១៨ កិច្ចព្រម ព្រៀងចំនួន៤ ដែលត្រូវបានចុះហត្ថលេខារួមមាន៖
ទី១៖អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ ស្កាត់ ការជួញដូរមនុស្ស
ទី២៖ សន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ
ទី៣៖ កម្មវិធីផ្លាស់ប្តូរវប្បធម៌
ទី៤៖ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន៣៦,៩២លានដុល្លារសម្រាប់គម្រោង អភិវឌ្ឍន៍ ធនធានទឹកស្ទឹងស្វាហាប់។
លោកស្រី ម៉ានីកា ចេន (Manika jain) បានឆ្លើយតបថា ឥណ្ឌានឹងបន្ដទំនាក់ទំនង ដ៏ល្អជាមួយកម្ពុជា ដោយសន្យា និងបន្ដផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិត ជួយជួសជុលប្រាសាទតាព្រហ្ម និងបន្ដផ្ដល់ ប្រាក់កម្ចីឥណ្ឌទាន នានា ដើម្បីអភិវឌ្ឍន៍ ពិសេសបន្ដផ្ដល់បទពិសោធន៍ ផ្នែកធនធានមនុស្ស និងអធិការកិច្ច ឲ្យកាន់តែរឹងមាំរីកចំរើនថែមទៀត។

លោកស្រីបន្ដថា ឥណ្ឌាត្រៀមសហការជានិច្ច ដើម្បីធ្វើការអភិវឌ្ឍនានា ក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឥណ្ឌា ឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេស លើ វិស័យ ការងារអធិការកិច្ច និងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា៕